Your cart is currently empty!
រឿង៖ នាងរ៉ាផុនហ្សែល
យូរលង់មកហើយ នៅនគរអ៊ីតា មានកសិករពីរនាក់ប្តីប្រពន្ធ ប្រាថ្នាចង់បានកូនម្នាក់ ព្រោះរៀបការជាច្រើនឆ្នាំនៅតែឥតប្រយោជន៍។
ដោយការបួងសួងជានិច្ច រដូវរងាមួយ ព្រះបានសម្រេចតាមបំណងប្រាថ្នារបស់ពួកគេ ដោយផ្តល់នូវការមានផ្ទៃពោះ។
នៅខាងក្រោយផ្ទះរបស់ពួកគេ មានបង្អួចតូចមួយ ដែលអាចមើលឆ្ងាយរំលងសួនច្បារដ៏ស្រទន់ និងឆ្លុះដល់ផ្ទះស្តុកស្តម្ភប្រកបដោយកម្រាល រុក្ខជាតិដ៏ស្រស់ស្អាតបំផុតក្នុងលោក ហ៊ុមព័ទ្ធដោយជញ្ជាំងខ្ពស់ គ្មាននរណាម្នាក់ហ៊ានចូលទៅដល់ ព្រោះជាកម្មសិទ្ធិរបស់មេធ្មប់ដែលមានអំណាចម្នាក់។
ថ្ងៃមួយ ស្ត្រីមានផ្ទៃពោះម្នាក់នោះ បានមកឈរនៅបង្អួចនេះ ក្រឡេកមើលសួនច្បារផ្ទះមេធ្មប់ ហើយនាងបានឃើញផលនៃ សាឡាដ Rapunzel គួរឱ្យឈ្ងុយឆ្ងាញ់។
បន្លែមានពណ៌ស្រស់ និងក្លិនជះក្រអូប ប្រហើរ ទាក់ទាញនាងឱ្យស្រក់ទឹកមាត់ នឹកប៉ងប្រាថ្នាចង់ញ៉ាំសាឡាដនោះជាដាច់ខាត។
បំណងប្រាថ្នាកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃ ហើយនៅពេលដែលនាងដឹងថា នាងមិនអាចបានសម្រេច ស្ត្រីក៏រងទុក្ខដោយការស្រេកឃ្លានព្រោះ នាងបានបដិសេធអាហារនានា ហើយស្លេកស្លាំង និងរងជំងឺខ្សោះរាងកាយយ៉ាងវេទនា។
ការនេះធ្វើឱ្យប្តីរបស់នាងភ្ញាក់ផ្អើលនឹងមិនអស់ចិត្តជាខ្លាំង។
គាត់បានសួរទៅនាងជារឿយៗថា តើមានអ្វីកើតឡើងបានជាប្រពន្ធជាទីស្រឡាញ់មិនអាចបរិភោគអាហារចូល ចុះឱ្យទារកកើតមកបានដោយរបៀបណា?
ឮហើយ នាងបានយំយែកនិងសារភាពថា ប្រសិនបើ មិនបានហូបសាឡាដ Rapunzel ពីសួនច្បារខាងក្រោយផ្ទះមេធ្មប់ នាងប្រាកដជាឃ្លានដល់ដាច់ពោះស្លាប់។
ប្តី ដែលស្រឡាញ់ប្រពន្ធពេក ជាជាងឱ្យប្រពន្ធស្លាប់ ក៏សម្រចចិត្តថា ត្រូវទៅលួចយកសាឡាដពីសួននោះមកឱ្យនាង ទោះគ្រោះថ្នាក់យ៉ាងណាក៏ដោយ។
គិតហើយ នៅល្ងាចដដែលនោះ គាត់បានប្រថុយឡើងជញ្ជាំង ឆ្មក់ចូលទៅក្នុងសួនច្បាររបស់មេធ្មប់ ចាប់ដកយកបានសាឡាដ Rapunzel មួយគុម្ពតូច ហើយយកទៅចំអិនឱ្យប្រពន្ធ។
ភ្លាមៗនោះ នាងក៏បានធ្វើអាហារសាឡាដដ៏អស្ចារ្យនិងបរិភោគពេញដោយសុភមង្គលឥតគណនា។
នាងពិតជាចូលចិត្តវាខ្លាំងណាស់ ទាំងមានរសជាតិឆ្ងាញ់ និងក្លិនឈ្ងុយ។ នៅថ្ងៃបន្ទាប់នាងញ៉ាំវាយូរជាងមុនដើម្បីរម្ងាប់ចំណង់តែមិនចេះឈប់ចំណង់ទេ ដូច្នេះហើយ បុរសជាប្តីត្រូវចូលទៅក្នុងសួនច្បារម្ដងហើយទៀត។
យប់មួយពេលព្រលប់ គាត់បានឡើងលើជញ្ជាំងសួនច្បារដូចសព្វដង ប៉ុន្តែពេលចុះដល់ដីក៏ត្រូវតក់ស្លុតព្រោះ មេធ្មប់បានបង្ហាញខ្លួន។
ឈរនៅមុខគាត់មេធ្មប់បាននិយាយដោយទឹកមុខខឹងសម្បាថា៖
«ឯងជាចោរ! នឹងទទួលទោសយ៉ាងធ្ងន់ធ្ងរ»
“អូ!” បុរសអង្វរករឡើងឆ្លើយថា៖
“សូមអ្នកមេត្តាអាណិតខ្ញុំផង ខ្ញុំធ្វើវាដោយសេចក្តីត្រូវការដ៏ក្រៀមក្រំប៉ុណ្ណោះ! ប្រពន្ធរបស់ខ្ញុំមានផ្ទៃពោះ មានអារម្មណ៍ឃ្លានទល់ស្លាប់ ប្រសិនបើនាងមិនបានហូបវា!»
ពេលនោះ មេធ្មប់ក៏លែងខឹង ហើយនិយាយតបថា៖
«បើដូចឯងនិយាយ យើងនឹងឱ្យឯងយកសាឡាដទៅរាល់ថ្ងៃផ្គាប់ចិត្តនាងតែមានលក្ខខណ្ឌថា ឯងត្រូវឱ្យកូនដែលកើតមកនោះមកជាកូនយើង យើងធានា នឹងមើលថែនាងបានល្អជាងម្ដាយទាំងអស់ក្នុងលោក។
បុរសដែលភ័យខ្លាចសេចក្តីមរណា គាត់បានយល់ព្រមគ្រប់យ៉ាង។ មិនយូរទេ ពេលប្រពន្ធសម្រាលកូនភ្លាម ក៏បានទារិកាមួយរូបគួរឱ្យស្រលាញ់បំផុត។
មេធ្មប់ក៏លេចមុខដាក់ទារកនោះឈ្មោះថានាង Rapunzel ហើយយកទារិកាទៅបាត់។
Rapunzel គឺជាកូនស្រីដ៏ស្រស់ស្អាតបំផុតនៅលើភពផែនដីបណ្តាលឱ្យមេធ្មប់ភ័យណាស់ប្រសិនត្រូវបាត់បង់នាង។ នៅពេលនាងមានអាយុ 12 ឆ្នាំ មេធ្មប់បានបង្ខាំងនាងនៅលើប៉មកណ្តាលព្រៃជ្រៅដែលគ្មានជណ្តើរ ឬច្រកទ្វារ មានតែកូនបង្អួចតូចមួយ មិនអាចទាក់ទងអ្នកណាបានទាំងអស់។
រាល់ពេលចង់ចួបនាង មេធ្មប់តែងតែមកឈរនៅខាងក្រោមប៉ម ហើយហៅកូនធម៌នេះថា៖
«Rapunzel, Rapunzel, ទម្លាក់សក់មក ឱ្យម៉ែតោងឡើង!»
Rapunzel មានសក់វែងដ៏អស្ចារ្យ និងពណ៌រលើបរលោងទន់ល្អដូចមាស។
នៅរាល់ពេលណាដែលនាងឮសំឡេរបស់មេធ្មប់ នាងបានដោះសក់មកចងនៅជុំវិញទំពក់នៅលើបង្អួច ឱ្យមេធ្មប់ប្រតោងក៏ឡើងមក។
ប៉ុន្មានឆ្នាំក្រោយមក បុត្រារបស់ស្ដេចបានជិះកាត់ព្រៃ ហើយសម្គាល់ឃើញប៉មចម្លែក។ ទ្រង់បានបំបោលអាជានេយ្យតម្រង់ទីនោះ ត្រចៀកបានឮបទចម្រៀងដ៏ពីរោះមួយពីនារីណាម្នាក់សមតែមានសម្ផស្សផុតគេ។
គឺ Rapunzel ដែលនិយមច្រៀងជានិច្ច កំដរភាពឯកោនៃជីវិតនាង។ ព្រះរាជបុត្រកាន់តែឮក៏អន្ទះសាចង់ឡើងទៅរកនាងតាមទ្វារប៉ម តែមិនឃើញមានទ្វារក៏ជិះសេះបកទៅរាជវាំង យកទៅតាមនូវចិត្តអន្ទះសារមិនអស់មិនហើយ។
ចម្រៀងរបស់នាង ពិតជាយកបេះដូងទ្រង់ បណ្តាលឱ្យរាជបុត្រាតែងតែឆ្មក់មកចូលព្រៃជារៀងរាល់ថ្ងៃដើម្បីសំងំស្តាប់នាង ។
លុះដល់ថ្ងៃមួយ ពេលទ្រង់មកឈរនៅខាងក្រោយដើមឈើ ក៏បានលបឃើញមេធ្មប់មកដល់ ហើយលបឃើញដឹងឮច្បាស់ពីរបៀបដែលនាងហៅកូនឱ្យទម្លាក់សក់។
ព្រះអង្គយល់ថា នេះជានិស្ស័យនៅបុពេ្វពិតៗ។
លុះថ្ងៃបន្ទាប់ ដល់ពេលងងឹត ទ្រង់ក៏បន្លំទៅដល់ប៉មពិតមែន ហើយហៅនាងថា៖
«Rapunzel, Rapunzel, ទម្លាក់សក់មកណា៎»
ភ្លាមនោះសក់មាសក៏ត្រូវបានទម្លាក់ចុះមកពិតប្រាកដមែន ឯព្រះរាជបុត្រក៏ប្រតោងឡើងបានទៅ។
ដំបូង Rapunzel មានការភិតភ័យយ៉ាងខ្លាំង នៅពេលឃើញវត្តមានបុរសសង្ហាដែលជាតិនេះនាងមិនធ្លាប់ឃើញម្តង ប៉ុន្តែ ដោយរាជបុត្រចេះនិយាយជាមួយនាងយ៉ាងរាក់ទាក់ ហើយសារភាពប្រាប់នាង ថាបេះដូងទ្រង់រំជើបរំជួលដោយសារបទចម្រៀងច្រៀងរបស់នាង ក៏បានធ្វើឱ្យ Rapunzel ភ្លេចការភ័យខ្លាចរប្តូរមកវិញដោយអារម្មណ៍កក់ក្តៅស្និទ្ធស្នាល។
ហើយនៅពេលដែលទ្រង់បានសួរនាងថា តើនាងនឹងរៀបការជាមួយទ្រង់ទេ នាងបានត្រិះរិះថារាជបុត្រា នឹងស្រឡាញ់នាង ច្រើនជាងមេធ្មប់ចំណាស់ ក៏និយាយយល់ព្រមឡើងថា “ចាស៎” ហើយដាក់នាងក្នុងបាត ដៃទ្រង់។
នាងបាននិយាយថា៖
«ខ្ញុំចង់ទៅឆ្ងាយជាមួយអ្នក! ប៉ុន្តែខ្ញុំមិនដឹងថា ចុះពីប៉មនេះដោយរបៀបណាទេ!ដូច្នេះខ្ញុំមានគំនិតមួយ លើកក្រោយរាល់ពេលអ្នកមកលេង ចូរយកខ្សែសូត្រមកជាមួយ ខ្ញុំនឹងត្បាញជាធ្នាក់ជណ្ដើរសម្រាប់ចុះចេញ ហើយពេលណាវា រួចរាល់ខ្ញុំនឹងឈានចុះ ហើយអ្នកនឹងយកខ្ញុំទៅកាន់រទេះសេះរបស់អ្នក!»
បុត្រាបានយល់ស្រប ហើយចាប់តាំងពីពេលនោះមក រាល់វេលាដែលទ្រង់យាងមកចួបនាងបានយកមកនូវសូត្រតាមនាងបង្គាប់។
ប៉ុន្តែ គ្រប់យ៉ាងបានខូចការដោយសារ ថ្ងៃមួយមេធ្មប់កាន់តែចាស់កាន់តែពពីមពពើម យឺតយ៉ាវរហូតដល់ Rapunzel នឿយហត់ចិត្តក៏បានភ្លាត់និយាយខឹងថា៖
«ប្រាប់ខ្ញុំមក លោកម៉ែ Gothel ហេតុអ្វីបានជា ពិបាកទាញអ្នកឡើងម្ល៉េះ? អ្នលធ្ងន់និងស្ទក់ជាងរាជបុត្រាឆ្ងាយណាស់!»
មេធ្មប់ឮហើយស្រែកភ្លាត់សំឡេងថា៖
«ឱ! កូនស្រីគម្រក់! នាងបានក្បត់ម្តាយ?»
ដោយកំហឹង ធ្មប់ នាងបានកាន់សក់ដ៏ស្រស់ស្អាតរបស់ Rapunzel និង រុំវា ជុំវិញដៃឆ្វេងរបស់នាង ហើយ ខ្ទាស់ដៃស្តាំផងដែរ។
ធ្មប់មិនដឹងកំហុសក្នុងការនាំ Rapunzel កម្សត់ឱ្យរស់គ្មានន័យក្នុងវាលរហោស្ថានដែលជាកន្លែងដែលបែបនេះទេ ថែមទាំងចង់លើកនាងយកទៅឃុំចោលនៅទីមួយទៀតសែនឆ្ងាយដាច់សង្វែង។
នៅពេលល្ងាចមកដល់ ធ្មប់សំងំរង់ចាំបុត្រាស្តេច។ ពេលទ្រង់មកដល់នៅក្រោមកាលណា បានស្រែកហៅសង្សារថា៖
«Rapunzel, Rapunzel ទម្លាក់សក់មក!»
ធ្មប់បានទម្លាក់សក់ដែលកាត់ចេញនោះ ទាញឱ្យបុត្រា ស្តេចបានឡើងលើ ប៉ុន្តែជំនួសឱ្យចួបជាមួយនាង Rapunzel ជាទីស្រឡាញ់ ទ្រង់បែរជាប្រទះប្រឈមនឹងមេធ្មប់កំណាចដែលមើលមកចង់ពិឃាដទ្រង់។
ធ្មប់ស្រែកចំអកឡើងថា៖
«អាហា! ឯងចង់ពង្រត់យកកូនជាទីស្រឡាញ់របស់យើងចេញពីយើង ប៉ុន្តែសោកស្តាយ បក្សីដ៏គួរឱ្យស្រឡាញ់លែងនៅក្នុងសំបុកនេះទៀតហើយ ឯងនឹងមិនបានឮនាងច្រៀងទៀតទេ! ឆ្មាខ្មោមួយបានចាប់វាទៅឆី នឹងកោសភ្នែកចោររបស់ឯងដែរ! ជាតិនេះ ឯងនឹងមិនបានឃើញនាងទៀតជារៀងរហូត!»
ថាចប់ធ្មប់លោតទៅបាត់។
ព្រះរាជបុត្រកើតចិត្តសោកសង្រេង ហើយទ្រង់ក៏លោតចុះពីប៉មជាមួយសេចក្តីអស់សង្ឃឹម ។ ជាមួយបណ្តាសាធ្មប់ ទោះទ្រង់បានរួចជីវិត ប៉ុន្តែបន្លាបានធ្លាក់ចេញពីភ្នែកទ្រង់ ឈឺផ្សានិងងងឹតខ្វាក់។
ជាមួយការឈឺចាប់ ព្រះអង្គនៅមានៈចច្រប់ដើរជុំវិញព្រៃទាំងពិការភ្នែក មិនបានអាហារអ្វីក្រៅពីឫស និងផ្លែប៊ឺរី ហើយមិនបានធ្វើអ្វីកើតក្រៅតែពីយំសោក នឹកដល់នាងRapunzel ជាទីស្រឡាញ់។
ពេញមួយឆ្នាំ ព្រះអង្គបានរង់ចាំនៅក្នុងព្រៃ ក៏បានឮសំឡេងច្រៀងមួយដែលនាំជំហានទ្រង់ទៅដល់ទីរហោស្ថាន ដែល Rapunzel បាននឹងកំពុងរស់នៅយ៉ាងវេទនា ជាមួយកូនភ្លោះដែលនាងសម្រាលបានពីស្នេហាពួកគេ គឺកូនប្រុសម្នាក់ និងស្រីម្នាក់។
ឃើញ រាជបុត្រាពិកាភ្នែកតោកយ៉ាក Rapunzel នៅតែស្គាល់ចំណាំគាត់ ហើយផ្តេកខ្លួនមក ក្នុងដៃរបស់ទ្រង់ជាមួយ ទឹកភ្នែកស្មោះស្នេហា។
នៅពេលដែលនាងបានស្រក់ទឹកភ្នែកម្តងទៀតទ្រង់ក៏យំតាម ហើយពេលនោះទ្រង់ស្រាប់តែរួចបណ្តាសានិង អាចមើលឃើញដូចពីមុន។
ពេលនោះហើយ ទ្រង់បាននាំនាងនិងកូនៗ ត្រឡប់ទៅរាជនគរ រៀបអភិសេកយ៉ាងអំណរ ហើយពួកគេបានរស់នៅយ៉ាងសប្បាយរីករាយតរៀងទៅ។