Your cart is currently empty!
រឿង ឈ្មួញនិងអារក្ស (១០០១ វគ្គ២)
កាលពីព្រេងនាយ មានឈ្មួញមូស្លីមម្នាក់ប្រកបដោយមុខរបររលូនរលៃ មានភរិយាប្រពៃនិងកូនៗបីនាក់។ គាត់ជាមនុស្សសម្បូរទ្រព្យសម្បត្តិស្តុកស្តម្ភ តែឧស្សាហ៍ព្យាយាមណាស់ តែងចេញជួញប្រែឆ្ងាយៗពីផ្ទះទៅកាន់នគរនានាជាច្រើនមិនថា ព័រទុហ្គាល់ចិន ឬឥណ្ឌា។
ថ្ងៃមួយពេលបានជិះសេះវិលមកទីក្រុងវិញ ក៏សម្រេចចិត្តចូលឈប់សម្រាកមួយស្របក់ក្រោមដើមឈើធំត្រឈៃមួយ។
ដោយហត់នឿយឃ្លានខ្សោះ គាត់ក៏លូកចូលបង្វេចរាវរកអាហារក្រៀម ផ្លែដំណាប់ស្ងួត ទទួលទាន។
កម្មមួយបានមកដល់ គឺពេលដែលឈ្មួញច្រត់ដៃចំដុំមួយមុតឈឺក៏ខឹង លើកវាគ្រវែងចោលចេញទំហឹងចិត្តឱ្យឆ្ងាយចាកចោលថាន។
មិនបានអីផង ស្រាប់តែពេលនោះទេពារក្សមួយបានផុសចេញមកពីគល់ប្រឹក្សា។
ទេពារក្សមាឌធំនេះ មានប្រថាប់ដាវមួយនឹងដៃ ដើរមកជិតនាយឈ្មួញដែលភ័យញ័រញាក់សម្លុតថែមថា៖
“ឯង! ក្រោកឈរឡើង អាលនឹងអញកាត់ក្បាលឯង ព្រះឯងបានសំលាប់កូនអញ!”។
នាយឈ្មួញកើតចម្ងល់នឹងសេចក្តីមរណានេះ បានលាន់សួរញាប់ញ័រថា៖
“ខ្ញុំមានសម្លាប់កូនអ្នកពីអង្កាល់?”។
ទេពារក្សតបគ្រហឹម៖
“ឯង គប់ដុំថ្មទៅត្រូវចំទ្រូងកូនអញ! កូនអញក៏ស្លាប់ទៅ”។
ពេលនេះហើយដែលនាយឈ្មួញបានយល់ការណ៍ទាំងភ្នែកជាប់កញ្ចឹងក។ គ្មានអ្វីក្រៅតែពីលើកដៃសុំអង្វរថា ៖
“ឱព្រះអើយ! ឱព្រះដ៏ចំរើនអើយ! តើខ្ញុំនេះបាន សម្លាប់កូនអារក្សដោយរបៀបនេះឬ? ខ្ញុំមិនោះឃើញគេសោះទេពេលចោលថ្មទៅ!?»
«ឯងកុំរកហេតុផល!»
«ទោះមែន ក៏ ជាការសម្លាប់ដោយអចេតនាដែរ។ សូមលោកលើកលែងទោសដល់ខ្ញុំផង”។
ទេពារក្សតបថា ៖
“ទាល់តែកូនតូចកម្សត់នេះរស់បានមកវិញម្ល៉េះសមគ្មានអ្វីអាចជួយឯងបានទេ អញត្រូវតែសម្លាប់ឯងទើបសមជាពុកម្នាក់”។
លោកនេះគ្មានការស្លាប់ហើយរស់មកវិញទេ ឈ្មួញដ៏មានចំណេះម្នាក់នេះយល់ច្បាស់ណាស់ ម៉្លោះហើយពេលត្រូវទេពារក្សក៏ចាប់ អូសគាត់ យកទៅចងជាប់នឹងដើមឈើ បម្រុងថា លើកដាវឡើងកាប់សម្លាប់ នាយឈ្មួញ ក៏យំសោកហើយ ហើយនិយាយថា៖
«ខ្ញុំក៏ជាឳពុកនៃកូនៗបីនាក់ តើគេនឹងតាមសម្លាប់អ្នកឯងសងជីវិតខ្ញុំទេ?»
នាងScheherazade និទានមកដល់ត្រង់ចំណុចនេះ ឆ្លៀតក្លែមថា៖
«ឱប្អូនពៅដ៏ល្អអើយ! ឃើញថាថ្ងៃរះឡើងហើយ យើងនឹងលាគ្នាត្រឹមណេះងតែមុនបងស្លាប់ចង់ដឹងដែរថាតើប្អូនយល់យ៉ាងណានឹងរឿងអារក្សនោះ?!»
ស្តេចស៊ុលតង់តែងតែក្រោកពីព្រលឹមដើម្បីទៅប្រជុំក្រុមប្រឹក្សានោះ ក៏ឆ្លើយកាត់ថា ៖
«នាងមិនទាន់ស្លាប់ទេ ល្គឹកណាត្រូវនិយាយរឿងនេះចប់សិន!»
កាលបើឌីណាហ្សាដបានឪបន្ទុលក៏បន្ទរទាំងអំណរថា៖
“ពិតណាស់បងស្រី នេះគឺជារឿងដ៏អស្ចារ្យ យើងគ្មានចម្លើយអ្វីមានទេចង់ស្តាប់យ៉ាងជក់ចិត្ត”
បានរស់ជីវិតមួយថ្ងៃដូចគម្រោងនាងScheherazade បានឆ្លើយវិញថា៖
“ អ្វីដែលនៅសល់គឺអស្ចារ្យជាងនេះ! ហើយ ប្រសិនបើស៊ុលតង់ អនុញ្ញាតឱ្យខ្ញុំរស់នៅមួយថ្ងៃទៀតហើយ ខ្ញុំនឹងនិទានពិស្តារអ្នកនៅយប់បន្ទាប់នេះ” ។
ស្តេច ដែលបានស្តាប់ Scheherazade ដោយសេចក្តីរីករាយបានបន្ទូលបន្ថែមថា ៖
“នាងនឹងត្រូវបម្រើយើងទៀតនៅយប់នេះ! ថ្ងៃស្អែកយើងអាចសម្លាប់នាងដដែលតាមពាក្យសច្ចាបានគ្រប់ពេល! តែយើងត្រូវបានឮដល់ចុងបញ្ចប់នៃរឿងរបស់នាងសិន” ។
នៅមាន់រងាវនេះ ជាពេលវេលាឱពុកនាង ស្ថិតក្នុងស្ថានភាពថប់បារមភ័យខ្លាច។ ប៉ុន្តែតែបានឮបញ្ជាថ្មី នេះគាត់មានសេចក្តីត្រេកអរយ៉ាងខ្លាំង។
នៅពេលដែលគាត់បានឃើញស្តេចស៊ុលតង់ចូលក្នុងបន្ទប់ក្រុមប្រឹក្សាដោយមិនបានផ្តល់នូវបញ្ជាពិឃាតដែលគ្រប់គ្នារំពឹងទុក។
នៅព្រឹកបន្ទាប់ មុនថ្ងៃបែកចេញពីប្អូនស្រីគឺនាង ឌីណាហ្សេត បងដ៏ឆ្លាតបាននិយាយទៅកាន់ប្អូនស្រីថា ៖
«ជីវិតបង ពឹងលើនាង នាងត្រូវខំស្តាប់និងជជីកឡើងបណ្តារឿងនានាដែលបងនិទាន ឱ្យជក់ចិត្ត វិភាគឱ្យណែងណង ស្តេចនឹងមិនអាចសម្លាប់បងរាល់ព្រឹកទេ!»
ប្អូនបានឮហើយកាលណាក៏តបតភ្លាមថា៖
«បងស្រីជាទីស្រឡាញ់អើយ ខ្ញុំអាចធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីសង្គ្រោះជីវិតអ្នក!»
ដូច្នេះ Scheherazade បានបន្តរឿងឈ្មួញនិងទេពារក្សនៅពេលរាត្រីកាលឈានមកដល់។
នៅពេលឈ្មួញឃើញថា ទេពារក្សប្តេជ្ញាចិត្តកាត់ក្បាលគាត់ គាត់និយាយថា៖
«ដើម្បីព្រះឱឡោះ សូមអនុញ្ញាតឱ្យខ្ញុំបាន ទៅផ្ទះហើយលាប្រពន្ធខ្ញុំនិងកូន ធ្វើបណ្តាំកេរ្តមរតក រើផ្ទេរបំណុល ស្តីដណ្តឹងប្រពន្ធល្អសល់កូនៗ ពេលខ្ញុំធ្វើចប់ភារៈ នឹងត្រឡប់មកទីនេះសងជីវិតឱ្យអ្នកសម្លាប់ខ្ញុំ»។
ទេពារក្សគិតហើយកាលណា ក៏ងក់ក្បាលព្រមថា ៖
” ខ្ញុំព្រមជាមួយព្រះ តែខ្លាចថាអ្នកនឹងមិនត្រលប់មកវិញ” ។
ឈ្មួញបានឆ្លើយថា ៖
“ ខ្ញុំជាមូស្លីមដែលគោរពសម្តី ដោយកិត្តិយសរបស់ខ្ញុំ! ខ្ញុំនឹងត្រលប់មកវិញដោយមិនក្បត់ឱឡោះឡើយ” ។
«អ៊ីចឹងតើពេលណាមកវិញ?!»
អ្នកជំនួញរូបនេះបានឆ្លើយតបថា“ ខ្ញុំសុំឱ្យអ្នកទុកពេលខ្ញុំ មួយឆ្នាំ” ។ ខ្ញុំសន្យានឹងអ្នកថានៅ ដប់ពីរខែទៀតខ្ញុំនឹងមករង់ចាំនៅក្រោមដើមឈើនេះដើម្បីប្រគល់សង្ខារឱ្យអ្នក។
ទីបំផុតឈ្មួញបានចាកចេញមែន។ ឈ្មួញបានជំនៈការភ័យខ្លាចឡើង ជិះសេះហើយបន្តដំណើរទៅផ្ទះ។
នៅពេលមកដល់ផ្ទះជួបប្រពន្ធនិងកូន បុរសនេះឱបពួកគេហើយចាប់ផ្តើមយំយ៉ាងជូរចត់ ។
ប្រពន្ធដ៏កបកលរបស់គាត់បានដឹងពីទុក្ខព្រួយអាថ៌កំបាំងក្នងឥរិយាបថស្វាមី នាងនិយាយអង្វរថា៖
“សូមប្តី ប្រាប់គ្រួសារច្បាស់ អំពីអ្វីដែលជាអកុសលបម្រុងកើតឡើងព្រោះថាយើងទាំងអស់ស្មោះនឹងអ្នក” ។
“ខ្ញុំមានពេលតែមួយឆ្នាំប៉ុណ្ណោះដើម្បីរស់នៅមានជីវិតឃើញអ្នករាល់គ្នា” ។
បន្ទាប់មកគាត់បានប្រាប់ពួកគេអំពីអ្វីដែលបានកើតឡើង រវាងគាត់និងទេពាដើមឈើ។ និងសន្យា ដែលគាត់ថានឹងដោះស្រាយបញ្ចប់ការងារក្នុងគ្រួសារ ដើម្បីត្រលប់ទៅរកគេនោះវិញនៅចុងឆ្នាំដើម្បីទទួលពិន័យ សម្លាប់ជីវិត។
គ្រប់គ្នាទាំងគ្រួសារនិងទាសករ នៅពេលពួកគេ ដឹងបរិយាយដ៏ក្រៀមក្រំនេះ អស់សង្ឃឹមហើយយំសោកយ៉ាងខ្លាំងពេញផ្ទះ។
នៅថ្ងៃបន្ទាប់ឈ្មួញបានចាប់ផ្តើមដោះស្រាយកិច្ចការរបស់គាត់តាមសម្តីមែនដោយប្រាប់បញ្ជីអ្នកជំពាក់បំណុលរបស់គាត់ទៅកូនៗនិងប្រពន្ធ ។ បែងចែកការទទួលខុសត្រូវជំនួញ បង្រៀនកូនៗអំពីការដើរសមុទ្រ ប្រវត្តិសាស្រ្តនយោបាយការដើរកាត់វាលខ្សាច់ បានយូរដោយគ្មានទឹកគ្រប់គ្រាន់។ល។
គាត់ផ្តល់អំណោយដល់មិត្តភក្តិ អ្នកភូមិ អ្នកក្រ ឱ្យទាសករពេលកំណត់ចាកចេញមាន សេរីភាព ហើយចុងក្រោយបណ្តាំបែងចែកមរតក ផ្គត់ផ្គង់ប្រពន្ធនិងកូន ៗ របស់គាត់។ សល់ពីនោះគាត់សូត្រធម៌ធ្វើបុណ្យ និងសប្បាយរីករាយជាមួយអ្នកផ្ទះ។
មិនយូរប៉ុន្មានឆ្នាំបានកន្លងផុតទៅ។
កាតាព្វកិច្ចសងជីវិតបានមកដល់។
គាត់បានឱបលាពួកគេហើយចេញដំណើរជាមួយសេះដដែល។
យូរ ៗ ទៅក៏បានទៅដល់កន្លែងដែលណាត់។
ដោយក្រៀមក្រំ ឈ្មួយញបានចុះមក អង្គុយ គែមឬសឈើធំមួយ រង់ចាំទេពារក្ស ។
ខណៈពេល កំពុងរង់ចាំ បុរសចំណាស់ម្នាក់មកដល់ពីចំងាយ។ គាត់បានបណ្តើរក្តាន់មួយ។ ពេលប៉ះគ្នា ពួកគេសួរសុខទុក្ខ ហើយបន្ទាប់មកបុរសចំណាស់បានបំបែកសេចក្តីឆ្ងល់ថា៖
«កន្លែងនេះសែនស្ងាត់ជ្រងំ! ទោះបីជាឃើញមានដើមឈើដ៏ស្រស់ស្អាតទាំងនេះជាកន្លែងដែលមានវិញាណអាក្រក់ជាច្រើន គេមិនងាយសំចតទេ រួសរាន់ឆ្លងកាត់ឱ្យរហ័ស អ្នកអង្គុយតំអក់ស្រងូតមុខតែមានហេតុផលហើយ ! ខ្ញុំរៀនសាស្ត្រាបានច្រើនដែរ តើខ្ញុំអាចជួយអ្វីបាន?!»
ឈ្មួញបានប្រាប់បុរសចំណាស់តាមត្រង់អំពីគ្រប់យ៉ាង រួមទាំងហេតុផលអ្វីបានជាគាត់មានកាតព្វកិច្ចមកចាំស្លាប់នៅទីនោះ។ ស្តាប់ដោយភ្ញាក់ផ្អើលហើយបុរសមានក្តាន់ពោលឡើងថា ខ្ញុំគួរតែធ្វើជាសាក្សីនៃសន្យារបស់អ្នក ជាមួយទេពារក្សខ្ញុំនៅរង់ចាំដែរចុះ។
ដូច្នេះ គាត់បន្តអង្គុយក្បែរអ្នកជំនួញកំដរទុក្ខសោករបស់គាត់ដោយចិត្តបុណ្យ។ ខណៈពេលបានយូរបន្តិចក៏លេចចេញ បុរសចំណាស់ម្នាក់ទៀតមកតាមពីក្រោយដែរ ដោយមានបណ្តើរឆ្កែខ្មៅពីរក្បាល។
គាត់មកដល់ក៏លើកដៃគំនាប់ជម្រាបសួរសុខទុក្ខពួកគេ ហើយសួរថា តើពួកគេកំពុងធ្វើអ្វីនៅកន្លែងនេះ?
បុរសចំណាស់ដែលមានក្តាន់ បានប្រាប់គាត់ពីដំណើររឿងសោកសង្រេងនៃការផ្សងព្រេងជីវិតរបស់ពាណិជ្ជករចុងក្រោយបានត្រូវបំពាន់លើទេពារក្ស។
បុរសចំណាស់ទីពីរ បានលឺរឿងនេះ ក៏សម្រេចចិត្តស្នាក់នៅទីនោះដែរ ដើម្បីមើលថានឹងមានអ្វីកើតឡើង។
បានមួយសន្ទុះ ផ្សែងក្រាស់ដូចជាពពកធូលីឬមជួយឡើងមក។វាជាសញ្ញាណដំនើរមកដល់នៃទេពារក្ស។ បន្ទាប់មកពេលផ្សែងបាត់ ពួកគេបានឃើញទេពារក្ស កាន់កតាប់ដាវធំមុតនៅក្នុងដៃ។
ដោយមិនរវល់នឹងអ្នកផ្សេង ទេពារក្ស ចង្អុលទៅឈ្មួញហើយលើកឡើងថា៖
«ល្អហើយ ដល់វេលាខ្ញុំអាចសម្លាប់អ្នក សងសឹកកាលដែលអ្នកសម្លាប់កូនប្រុសខ្ញុំដែរ” ។ឈ្មួញនិងបុរសចំណាស់ទាំង២នាក់ចាប់ផ្តើមយំហើយស្រែកសុំព្រះឱ្យពរពួកគេ។
បន្ទាប់មកបុរសចំណាស់មានក្តាន់ បានចចារថា៖
“ ឱព្រះទេពាដ៏មានមហសច្ចារ្ស! ខ្ញុំសូមអង្វរអ្នកឱ្យសង្កត់នូវកំហឹងហើយស្តាប់ខ្ញុំសិន!ខ្ញុំនឹងប្រាប់អ្នកពីរឿងរ៉ាវជូរចត់នៃជីវិតរបស់ខ្ញុំ តែខ្ញុំមានទោសៈក្រោយមករំលត់បានពិតមែន ! សន្យាមកថា ប្រសិនបើអ្នកឃើញពីកំណាត់ជីវិតឈឺចាប់នោះ ហើយគិតថា ខ្ញុំបានអត់ធ្មត់ឆ្លងកាត់បានយ៉ាងអស្ចារ្យ តើអ្នកអាចទុកជីវិតឈ្មួញនេះពាក់កណ្តាលឱ្យខ្ញុំបានទេ?”
ទេពកោសល្យបានពិចារណាចុះឡើង ហើយបន្ទាប់មកគាត់បាននិយាយឡើងថា៖
“ ខ្ញុំយល់ព្រមនឹងសំណើរនេះ ចូរនិយាយរឿងអ្នកភ្លាម!»
សូមចុចអាន រឿងបុរសចំណាស់ទីមួយ និងសត្វក្តាន់ ជួយជីវិតឈ្មួញ