រឿង នាង Cinderella

Posted by:

|

On:

|

Cinderella ជាកូនស្រី​នៃ​គ្រួសារ​អ្នកជំនួញ​ម្នាក់ ប្រកបដោយជីវភាព​ធូរធារ​រស់​នៅ​សុខ​ដុមរមនា លើ​វិមាន​ស្កឹមស្កៃមួយ គួរឱ្យ​អ្នកផងច្រណែនចង់បាន។

នាង​ជាកូន​​​តែម្នាក់គត់ដែលមាន​សម្រស់ចិត្ត​និងកាយ ល្អព្រមគ្នា​នាង​ ឧស្សាហ៍​ព្យាយាម ចេះ​ការកិច្ច​ទំាង​ពួង​ក្នុង​ផ្ទះ នាង​ស្រលាញ់អាណិតសត្វ​និង​​​ស្និទ្ធស្នាល​ជាមួយធម្មជាតិ។

ឳពុកនាង ​បានបង្រៀនលេខការទូទាត់រកស៊ី ឯម្តាយ​បានបង្វឹកនាង ​អាន​សៀវភៅ​ជាច្រើន​ ឱ្យមាន​ទស្សនវិទ្យាល្អចំពោះជីវិត។

នាង​ជាក្មេងពេញដោយ​ទស្សនៈវិជ្ជមាន​និង​ក្រោក​ឡើង​មករាល់ថ្ងៃថ្មី​ជាមួយ​ភាពញញឹម។ ម្តាយនាង​ប្រាប់​ថា ប្រសិនយើង​ញញឹម​ទៅកាន់ពិភពលោក លោកនេះនឹង​ញញឹម​ដាក់យើង។

នាង​តែងតែ​ ញញឹមជាមួយ​ធម្មជាតិ​ បុប្ផា​ចម្រុះ​ពណ៌​ហើយ​និង​ហ្វូង​សត្វ​ហើរច្រវាត់​ទាំងអស់នោះ រហូត​ដល់ពួកគេក្លាយជាមិត្ត​របស់នាង​។

តែ​កម្មផលជីវិត​បានឈាន​ដល់ ​ថ្ងៃ​មួយ​ នាង​ក្រោក​មក ជា​មួយ​សុបិន​ដ៏​អាក្រក់​….នាង​តូច​ញញឹម​មិន​ចេញ ហើយ​ផ្កា​នានា​នៅ​មាត់​បង្អួច​ក៏​ស្រពោន​។

នាង​មាន​ប្រផ្នូល​ផ្លូវចិត្ត​មិនល្អ​ហើយ​រត់​ចុះ​មក​ក្រោម។

ថ្ងៃ នោះ​ហើយ ដែល​អ្នកបម្រើ​ប្រាប់​មក​ថា​ ម្ដាយ​នាង​បាន​ទទួល​មរណភាព​ក្នុង​ដំណើរ​ទៅកាន់​ទីក្រុង​ផ្សេង​មួយ​ដើម្បី​ចូលរួម​ជាមួយ​ពិធី​បុណ្យ​របស់​សាច់​ញាតិ។

ទោះបី​នាង​តូច​កើត​ទុក្ខ​សោយសោក​ធ្វើ​អោយ​បុប្ផា​ទាំង​ឡាយ​មិន​អាច​រីក​បាន​អស់​ជា​ច្រើន​វេលា​តែ​នៅ​ទី​បំផុត​សុភមង្គល​វិល​មក​វិញ​ព្រោះ​​លោក​ឪពុក​បាន​ស្រលាញ់​ថ្នាក់ថ្នម​នាង​ហើយ​ព្រម​លះបង់​រាល់​ការ​ធ្វើ​ជំនួញ​នៅ ស្រុក​ឆ្ងាយ​រស់​នៅ​តែមួយ​នាង​ជា​រឿង​រហូត។

តាម​ថា គ្រួសារ​នេះ មាន​ទ្រព្យ​សម្បត្តិ​រហូតដល់​ចាយវាយ​មិនចេះ​អស់នោះ​ឡើយ ទោះបី​ឳពុក​នាង​លែង​ធ្វើ​ជំនួញ​ក្នុង​ជីវិត​នេះ ។

ប៉ុន្តែ​កម្ម​មួយ​មកដល់ គឺ​ឳពុក​នាង​ត្រូវ​បាន​ទាក់​ទាញ​ដោយ​ស្ត្រី​មេម៉ាយ​ជា​អភិជន​ម្នាក់​ដែល​មាន​សិល្បសាស្ត្រ​ធ្មប់ ​អាច​​​ធ្វើ​មន្តអាគម​ពង្វក់ ចិត្ត​បាន។

«សែនដឺរ៉េឡា​នាង​ជា​ក្មេង​ល្អ​ណាស់ នាង​សម​ណាស់​ជា​កុល​ស្រ្តី​សោយសុខ​ក្នុង​ពិភព​លោក​នេះ​!»

ជា​រៀងរាល់ថ្ងៃ​ពេល​ស្ត្រីមាយា​នោះ​មក​លេង​ផ្ទះ​នាង ​គេ​តែង​និយាយ​ទន្ទេញ​លោម​ចិត្ត​ដដែលៗ​បែបនេះ ជានិច្ចកាល​ធ្វើ អោយ​ឳពុក​សែនដឺរ៉េឡា​យល់ថា​គាត់​អាចរក​ឃើញ​អ្នកណា​ម្នាក់​​​មក​ជួយ​បំពេញ​ភារកិច្ច​ជា​ម្ដាយ​អោយ​សែន​ដឺរ៉េឡា​​​បាន​ហើយ។

«ពុក​​និង​រៀបការ​មីង​នោះ​មក​ធ្វើ​ជា​ម្តាយ​របស់​កូន ហើយកូនដើម​ទាំងពីររបស់គេ នោះ​មក​ធ្វើ​ជា​បងប្អូន​របស់​កូន​កំដរ​កូន​លេង!!»

ឳពុកនាង​យល់ថា ក្មេង​ស្រី​ជំទង់​មា្នក់​មាន​រឿង​អាថ៌កំបាំង​ជា​ច្រើន​ដែល​មិនអាច​សាកសួរ​រំលែក​យោបល់​ពី​ឳពុក​បាន​ទេ ដូច្នេះហើយ​​គាត់​គិត​ថា​នាង​ត្រូវការ​មាន​ម្តាយ​ជា​ចាំបាច់​។

​គាត់​បាន​ រៀបការ​ស្ត្រី នោះ​​មក​ក្នុង​គ្រួសារ​ហើយ ក៏​យល់ព្រម​ទទួល​ទំនុក​បម្រុង​កូន​ដើម​ទំាងទ្វេរ​នោះ​ផង។

ដោយសារ​តែស្ត្រី​នោះ​ជា​អ្នក​ឡូយឆាយ​ចាយ​វាយ​មិន​ចេះ​ទុកដាក់ ខ្ជះខ្ជាយ​ប្រើ​អ្នក​បម្រើ​សព្វ​​គ្រប់ បែបយ៉ាង មិន​ពាល់​ការផ្ទះ​មិន​ចេះ​សន្សំសំចៃ​ ទ្រព្យសម្បត្តិ​ក៏​ចាប់ផ្ដើម​ខើច​ខ្លី​ក្នុង​ពេល​យ៉ាង​ឆាប់។

លោក​ឳពុក​ក៏​បង្ខំ​ចិត្ត​ចេញ​ដើរ​កាប៉ា់ល់​សារ​ជាថ្មី ដើម្បី រកចំណូល​មក​បន្ថែម​។ យប់​នោះ​សែន​ដឺរ៉េឡា​បាន​ទៅ​កាន់​បន្ទប់​របស់​ឪពុក​ដើម្បី​ជួយ​រៀបចំ​សម្ភារៈ​ធ្វើ​ដំណើរ ក្នុង​ជំនួញ​ដែល​ប្រើ​ពេល​រាប់​ខែ​។

«លោក​ពុក​អើយ​!កូន​មិន​ចង់​អោយ​ថ្ងៃ​ស្អែក​ចូល​មក​ដល់​ឡើយ!»

ឪពុក​ក៏​អង្អែល​ក្បាល កូន​ស្រី​ហើយ​ផ្ដាំ​ដូច្នេះ​ថា៖

«សែនដឺរ៉េឡា​អើយ​!ជីវិត​ជួន​ពេលខ្លះ​មិនមែន​ជា​ជម្រើស​ទេ​!!!តែ​យើង​ត្រូវ​ជំនៈ​ឆ្លង​កាត់​វា​!គ្មាន​មហាសមុទ្រ​ណាមួយ​អាច​កាត់​ផ្ដាច់​ពុក​អោយ​ឈប់​នឹក​កូន​បាន​ឡើយ!»

«ដូច្នេះ​ហើយ​កូន​ត្រូវ​ទៅ​តាម​ថែទាំ​ពុក!»នាង​តវ៉ា​ដោយ​ទឹកមុខស្មោះត្រង់​។

«កូន ជា​កូន​ស្រី​ត្រូវ​នៅ​ថែ​រក្សា​ផ្ទះ! ដើរ​តាម​សមុទ្រ​មាន​ឧបសគ្គ​ច្រើន ហើយ​ធ្វើ​អោយ​ប៉ះពាល់​ដល់​រូប សម្រស់​របស់​កូន​!»

«កូន​មិន​ខ្លាច​នឹង​ការ​លំបាក​ទំាង​ឡាយ​ទេ!»

«ដូច្នេះ​ក៏​ត្រូវ​នៅ​ទីនេះ​សិក្សា​ចំណេះ​ទាំងឡាយ សម្រាប់ អនាគត!»

«ហេតុអ្វី​ជីវិត​មនុស្ស​ត្រូវ​រៀន​ច្រើន​ម្ល៉េះ?!»

«ព្រោះ​ថា​មាន​ទង្វើ​ល្អ​ៗ​ជាច្រើន​ទៀត ដែល​យើង​អាច​ធ្វើ​បាន​តែ​យើង​មិន​ចេះ !»

ពី​ពេល​នោះ​មក​នាង​លែង​បាន​ជួប​ពុក​នាង​ជា​រៀង​រហូត។

អ្នក​ខ្លះ​ផ្ដល់​ដំណឹង​មក​ថា​កា​ប៉ាល់​នោះ​លិច។ អ្នកខ្លះ​និយាយ​ថា​ក្រុម​ជំនួញ​បាន​ប្រទះ​នឹង​ចោរសមុទ្រ​ហើយ​អ្នក​ខ្លះ​អះអាង​ថា​ពុក​នាង​ជាប់​នៅ​លើ​កោះ​ដាច់​សង្វែង។

ម្ដាយ​ចុង​នាង​បាន​បណ្ដេញ​ឈ្នួល​ចេញ​អស់​តាំង​ពី​ពុក​នាង​ទើប​តែ​ចេញ​ដំណើរ​ហើយ​ការងារ​ផ្ទះ​គ្រប់​បែប​យ៉ាង​ត្រូវ​ធ្លាក់​មក​លើ​នាង​។

មិន យូរ​ប៉ុន្មាន​​ស្ត្រី​នោះ​បាន​នាំ​ដំណឹង​មក​ប្រាប់​នាង​អោយ​រៀបចំ​កាន់​ទុក្ខ​ឪពុក​ទៀត។

«ពុក​ខ្ញុំ​មិន​ស្លាប់​ទេ​មីង​ដឹង​ហើយ​ថា​ពូក​ចាំ​មនុស្ស​ល្អ!»

«បាន!ឯង​នៅ​បន្ត​ការស្រមៃនោះ​ទៀត​ចុះ​ក្មេង​ល្ងង់​តែ​ឯង​ត្រូវ​ដូរ​វាំងនន​ទំាងអស់​ក្នុងផ្ទះ​អោយ​ទៅ​ជា​ពណ៌​ស!»

ស្ត្រី​នោះ​សើច​ចំអក​អោយ​នាង​ហើយ​បាន​ចាកចេញ​។គាត់​បាន​ជោគជ័យ​ក្នុង​ការ​កាន់​កាប់​ផ្ទះ​នេះ​និង​បាន​ម្ចាស់ផ្ទះ​មក​ធ្វើ​ជា​អ្នកបម្រើ​ទៀត។

​​បន្ទាប់​ពី​ពេលនោះ​មក សែនដឺរ៉េឡា​នាង​បាន​រស់នៅ​កំព្រា​រងា​គ្មាន​អ្នក​យល់ចិត្ត ​ជាមួយ​ម្ដាយ​ចុង​អាក្រក់ និង​បងស្រី​ជា​កូនដើម​ទាំង​ពីរ​នាក់​របស់​ស្ត្រី​នោះ​​​។

 ដោយសារ​សែន​ដឺរ៉េឡា​ជា​ក្មេង​ស្រី​ដ៏​ល្អ​និង​មាន​សម្រស់​ស្អាត​ នាង​ទទួល​បាន​ការ​ច្រណែន​និន្ទា​ពី​នារី​ទំាង​បី​នោះ​តំាង​ពី​ថ្ងៃ​ដំបូង​ដែល​ពួកគេ​បាន​ឃើញ​នាង​រស់នៅ​ដោយ​សុភមង្គល​នោះ​ម្ល៉េះ។

ពេលនេះ​ឳពុក​នាង​លែង​នៅ​ ពួកគេ​បាន​បង្ហាញ​ភាព​រឹស្យា​លើ​នាង​ពេញ​ទំហឹង។

ម្ដាយចុង​បាន​ដាក់​បញ្ជា​ថា៖

«សែន​ដឺរ៉េឡា​​​ជា​រៀងរាល់​ព្រឹក​ឯង​ត្រូវ​ក្រោក​មុន​ពេល​ថ្ងៃរះ ហើយ​ដងទឹក​នៅ​ឯ​ស្ទឹង​មក​ដាំ​កម្ដៅ​ត្រៀម​សម្រាស់​ពួក​យើង​ងូត សម្អាត​ខ្លួន​។ចូល​ព្រៃ​កាប់​អុស​មក​ដាក់​ក្នុង​ឡ​កម្ដៅ បោស​សំអាត​ផ្ទះ​ ធ្វើ​អាហារ​និង​បោក​សំលៀកបំពាក់​!»

​សែន​ដឺរ៉េឡា​ដែល​តែងតែ​ចូលចិត្ត​ការ​ងារ​ទំាង​នេះ​បែរ​ជា​យល់​ថា​នាង​ពេញចិត្ត​និង​ជីវិត​រវល់​នេះ​ហើយ​រាល់​ពេល​ចេញ​ទៅ​ដង​ទឹក​នាង​អាច​កម្សាន្ត​ជាមួយ​នឹង ធម្មជាតិ​ប្រកប​ដោយ​សេរីភាព។

នាង​តែងតែ​​ធ្វើការ​ផង​ច្រៀង​លេង​ផង​យ៉ាង​សប្បាយរីករាយ​ធ្វើ អោយ​អ្នក​ដែល​ព្យាបាទ​នាង​កាន់​តែ​កើត​ចិត្ត​ក្រហល់ក្រហាយ​ក្រហាយ​នៅ​មិន​សុខ​។

ពួក​គេ​បាន​បង្កើន​​​​ការ​ព្យាបាទ​សែនដឺរ៉េឡា ​យ៉ាង ធ្ងន់ធ្ងរ​ដោយ​អោយ​នាង ដេរ​សូម្បីតែ​សំលៀកបំពាក់ ចាក់​សោម​ដៃ​ស្រោមជើង​ខែរងា​សម្រាប់​ពួកគេ​មិន​អោយ​នាង​បាន​គេង​ ដោយ​កំណត់​​អោយ​ហើយ​រួច​រាល់​​ទាន់​មុន​ថ្ងៃ​រះ។

យប់ នោះ​នាង​ត្អូញ​ប្រាប់​សត្វស្លាប​ថា​ តើ​នាង​អាច​ចាក់​ស្រោម​ដៃ​ទាំង​ពីរ​​​គូរ​ធ្វើ​ម៉េច​នឹង​ទាន់​ទៅ​ដូច្នេះ​ហើយ​ទើប​សត្វ​ស្លាប​ជា​មិត្ត​បាន​ហើរ​ទៅ​រក​ពាំ​ស្រោមដៃ​មកអោយនាង​បី គូរ​ធ្វើអោយ​នាង​មាន​ពេលវេលា​សម្រាក​គ្រប់គ្រាន់​។

សុភមង្គល​និង​ភាព​ស្ងប់​សុខ​របស់​នាង​ធ្វើ អោយ​ម្ដាយ​និង​កូន​កាន់​តែ​​ស្អប់​នឹង​ច្រណែន​ទ្វេ​ឡើង។

…រហូត​ដល់​ថ្ងៃ​មួ​យ​មន្ត្រី​វាំង​ដែល​ធ្លាប់​ស្គាល់​ឪពុក​នាង​បាន​មក​ដល់ ផ្ទះ​​ដើម្បី​​​អញ្ជើញ​កូនស្រី​ផ្ទះ​នេះ​​ទៅ​ចូលរួម ​ពិធី​ជប់លៀង​​ដ៏​ធំ​មួយ​​នៅ​ក្នុង​រាជវាំង​។

«ពិធី​នេះ​​តាមពិត​ព្រះ​រាជា​មាន​បំណង​ចង់​ស្វែង​រក​​ព្រះ​នាង​សម្រាប់​រាជបុត្រ​របស់​ព្រះអង្គ​ដែល​មាន​វ័យ​១៨វស្សា​ទៅ​ហើយ​មិនដែល​ចាប់ចិត្ត​មេត្រី​លើ​ស្ត្រី​ណា​ម្នាក់​ទាល់​តែ​សោះ!ការ អញ្ជើញ​នេះ​គឺ​សម្រាប់​តែ​ផ្ទះ​ដែល​មាន​​កេរ្តិ៍ឈ្មោះ​និង​មាន​កូនស្រី ស្អាត​តែ​ប៉ុណ្ណោះ!ចំណែក​សែន​ដឺរ៉េឡា​​​​​ជា​ស្រី​ស្អាត​បំផុត​ប្រចាំ​ទីក្រុង​តូច​នេះ​»

លឺ​មន្ត្រី​លួច​​ខ្សឹប​ប្រាប់​សែន​ដឺរ៉េឡា​ដូច្នោះ​ម្ដាយ​ចុង​ចាប់ផ្ដើម​បង្កើត​បាន​នូវ​ផែនការ​ខ្មៅ​កខ្វក់។

«ចុះ​កូន​ខ្ញុំ​ទាំងពីរ​ លោក​ម្ចាស់​អនុញ្ញាត​អោយ​ទៅ​ដែរ​ទេ?!»

គាត់​សួរ​ដោយ​ការ​គួរសម​តែ​គាត់​មិនដែល​គិត​ឡើយ​ថា​នឹង​អនុញ្ញាត​អោយ​សែនដឺរ៉េឡា​បាន​ទៅ​បង្ហាញ​មុខ​ដ៏​ស្អាត​របស់​នាង​នៅ​ក្នុង​ពិធី​ដ៏​វិសេស​នោះ។

មន្ត្រី​ក្រឡេក​មក​មើល​នារី​កម្ជិល​ទំាង​ពីរ​ក៏​មិន​ត្រូវចិតត្ត​ជាស្រេច​ទៅហើយ​នូវ​រូបរាង​កម្ពស់កំព​ប៉ុន្តែ​គាត់​ពិបាក​ក្នុង ការ​បដិសេធ​ក៏ ងក់ក្បាល​ដោយ​ទើសទាល់។​ពេល មន្ត្រី​ចេញ​ទៅ​បាត់ ​ម្ដាយចុង កំណាច​ព្រមាន​ថា​នឹង​​អនុញ្ញាត​ឱ្យ​នាង​ទៅ​លុះ ត្រា​តែ​នាង​អាច​ដេរ​អាវថ្មីៗ​អំពី​សូត្រ​មក​អោយ​បង​​ស្រី​ទាំង​ពីរ​សិន។

សែនដឺរ៉េឡា​នឹក​ដល់​សម្តី​អ្នកម្ដាយ​ដែល​ថា​ខ្លួន​ជា​​ចរិត​សក្តិសម​ជាង​គេ​និង​ក្លាយ​ជា​ព្រះនាង នាង​ក៏​មានការ​អត់ធ្មត់​ជាខ្លាង​ក្នុង​ការ​ធ្វើតាម​បញ្ជា​ម្ដាយ​ចុង​ហើយ​សង្ឃឹមថា​នឹង​បាន​ទៅដល់​ដោយ​នាង​បាន​ឆ្លៀត​​រើស​យក​ស្លៀកពាក់​ចាស់ៗ​របស់​ម្ដាយ​នាង​មក​កាត់​ធ្វើ​រ៉ូប​សម្រាប់​ខ្លួន​ឯង​ដែរ។

ពេលល្ងាច​នាង​ត្រូវ​បាន​គេ​បញ្ជា​អោយ​​ធ្វើ​សក់​សម្រាប់​បងស្រី​កម្ជិល​ទាំងពីរ​ទៀត។

 ទម្រាំ​ពួកគេ​បាន​រួចរាល់​ហើយ​ឡើង​រទេះ​សេះ​ទៅកាន់​ទីក្រុង​ដើម្បី​ចូលរួម​កម្មវិធី​ពេលយប់​នាង​សែន​ដឺរ៉េឡា​​​ឡើង​មក​កាន់​បន្ទប់​នាង​វិញ​ក៏​ឃើញ​ថា​រ៉ូប​របស់​នាង​ត្រូវ​ម្ដាយ​ចុង​កាត់​បំផ្លាញ​​ដាច់ដោច​អស់​ទៅ​ហើយ​​។

ពេលនេះ​​នាង​ទើប​តែយល់ច្បាស់ថា ពួក​គេមាន​បំណង​ចង់​បន្សល់​ទុក​សែនដឺរ៉េឡានៅ​ផ្ទះ​តែ​ម្នាក់​ឯង ។

នាង​មាន​អារម្មណ៍​ថា​​សោក​ស្តាយ​ជា​​ខ្លាំង​ចំពោះ​ឱកាស​នេះ ​ហើយ​ក៏​មិនអាច​ទប់​ការ​ស្រពោន​ចិត្តបាន ព្រោះ​នាង​តែង​មាន​គោលបំណង​បាន​ឃើញ​រាជបុត្រ​។

​សែនដឺ​រ៉េឡា អង្គុយ​យំ​ខ្សឹកខ្សួល​​នឹកដល់​ម្តាយ​ឳពុក​នាង។

 រំពេច​នោះ​​ទេពអប្សរ​មួយ អង្គ​​លេចចេញ​​មក។

គាត់​មាន​រាង​ធាត់​តែ​ទឹកមុខ​ញញឹម​ជាមួយ​ដំបង​ទិព្វ​តូច​ឆ្មា​ក្នុង​ដៃ។

​ «​កុំ​យំសែន​ដឺរ៉េឡា​​! ម៉ែ​ទេពធីតា​​នឹង​ចាត់​ការ​អោយ​នាង​បាន​ទៅ​ជប់លៀង​នឹងគេ ព្រោះ​នាង​ជា​គូព្រេង​រាជបុត្រ​ហើយ​!»

ប៉ុន្តែ​សែន​ដឺរ៉េឡា​​នៅតែ​យំ​។

 នាង ​និយាយ​ថា៖

 “ម៉ែ​ទេពធីតា​ដឹងទេ?ខ្ញុំ​មិន​មាន​រ៉ូប​សូត្រ​ពាក់​សម្រាប់​ទៅកាន់​ទី​នោះ ទេ​!សូត្រ​របស់​ម្តាយ​ខ្ញុំ ​ខ្ញុំ​បាន​ប្រមូល​មក​ច្នៃ​ជា​រ៉ូប​ធំមួយ​នេះ ​វា​ស្អាត​ខ្លាំង​ណាស់​ វា​ធ្វើ អោយ​ខ្ញុំ​មាន​ជំនឿ ចិត្ត​ដូច​មាន​គាត់​មក​តាមខ្ញុំ​​ តែ​ពេលនេះ​វា​ត្រូវ​គេ​បំផ្លាញ​ហើយ​! »​នាង​យំ​ម្ដង​ទៀត។

ម្ដាយ​ទេពអប្សរ​បាន​អង្អែល​ស្មា​នាង​ហើយ​អះអាង​ភ្លាម៖

«ម៉ែ​អាច​ធ្វើ​វា​បាន​​ សម្រាប់​នារី​ល្អ​ដូច​នាង​!»

គាត់​បាន​គ្រវី​ដំបង​វេទមន្ត ទៅ​ជប់​ប្ដូរ​​ផ្លាស់​ប្តូ​រ​ស​ម្លៀ​ក​បំពាក់​អោយ​នាង​។​

សែន​ដឺរ៉េឡា​​ជូត​ទឹកភ្នែក​ហើយ​ឈ្ងោក​​សម្លឹងទៅ ទៅរ៉ូប​ថ្មី​ភ្លឺផ្លេក​ពណ៌​ខៀវខ្ចី​របស់​នាង​។​វា​ភ្លឺ​ដូច​ជា​ដាំ​ត្បូងពេជ្រ​រាប់ពាន់​គ្រាប់​គឺ​វា​ស្អាត​ដូចជា​វត្ថុទិព្វ។

នាង​ហារ​មាត់​ធំៗ​ព្រោះ​រំភើប៖

«ហូ!វា​ស្រស់​ស្អាត​អ្វី​ម៉េ្លះ ទេ!»

នាង​និយាយ​ទាំង​ភ្លេច​រឿង​សោយសោក​។

ម្ដាយ​ទេពអប្សរ​បាន​លូក​ដំបង​មក​ប៉ះ​ជើង​នាង ហើយ​ក៏​លេចចេញ​នូវ​​ស្បែកជើង​កញ្ចក់​ដ៏​ភ្លឺ រន្ទាល​ទៀត។

«កូន​អើយ!នាង​ពិត​ជា​ព្រះ​នាង​នៃ​រាត្រី​នេះ!»

សែន​ដឺរ៉េឡា​​ខ្ទប់​មាត់ រំភើប​ចិត្ត​ពន់ពេក​។នាង​គ្រវី​ខ្លួន​ហើយ​សម្លឹង​ខ្លួនឯង​ដោយ​រីករាយ​។មិន​បាន​ប៉ុន្មាន​នាង​អស់សង្ឃឹម​សារ​ជា​ថ្មី​ពេល​អើត​ទៅ​ក្រៅ​បង្អួច។

​មេឃ​ងងឹត​ហើយ ។​…….នៅ​នាយ​សែន​ឆ្ងាយ នាង​ឃើញ​កំពូល​ព្រះរាជវាំង​ដែល​ពេញ​ដោយ​ពន្លឺ​នៃ​ភាព​រីករាយ។​

បងស្រី​និង​ម្តាយ​ចុង​កំណាច​នៅ​ទីនេះ​ហើយ​នាង​ដឹង។

​នាង​បែរ​មក​វិញ​យឺតៗ​ហើយ​និយាយ​តម្អូញ​៖

«ម៉ែ​ទេព​អប្សរ​អើយ​!​ខ្ញុំ​នឹង​ទៅ​រាជវាំង​​​ដោយ​របៀប​ណា​ទៅ យើង​គ្មាន​រទេះ​សេះ​ឡើយ​»​

សត្វ​ក​ណ្តុ​រ៦​កំពុង​រត់​លេង​នៅ​ក្បែរ​ល្ពៅ​មួយ​ផ្លែ​ក្នុង សួន​។

ទេពអប្សរ​ហើយ​លើក​ដំបង​ទិព្វ​​ចង្អុល​ទៅ​ពួក​គេ។

វេទមន្ត​របាន​ធ្វើ​អោយ​សត្វ​ក​ណ្តុ​រ​បាន​ក្លាយ​​​ជា​សេះ​ខ្មៅ​ភ្លឺ​ចាំង​បួន ២ទៀត​ក្លាយ​ជា​អ្នក​បរ​ម្នាក់​និង​អ្នក​បើកទ្វារ​ម្នាក់ ឯ​ផ្លែ​​ល្ពៅ​ក្លាយ​​​ទៅ​រទេះ​មាស​មួយ​យ៉ាង​វិចិត្រ​​។

សែន​ដឺរ៉េឡា​បើកភ្នែក​ធំៗ​ដោយ​ក្តី​​​សប្បាយ​រីករាយ​ហួស​នឹង​ថ្លែង​។

«ឡើង​ទៅ​កូន​ស្រីម្តាយ!នាង​នឹង​បាន​ជួប​ព្រះ​បុត្រា​មិនខាន​ទៅ​ៗ!»

នាង​ញញឹម​ហើយ​ឈាន​ឡើង​លើ​រទេះ​ដូច​ព្រះ​នាង​ពិតៗ​ទាំង​ដំណើរ​និង​សម្រស់​ចរិយា​មារយាទ។

មុន​ពេល​ចាក​ចេញ​ម្ដាយ​​ទេពអប្សរ​បាន​និយាយ​ផ្តាំ​យ៉ាង​ម៉ត់ចត់​ថា​​៖

«មាស​ម្តាយ​, មន្ត​អាគម​នេះ​នឹង​មាន​ឥទ្ធិពល​បាន​ត្រឹម​តែ​ពាក់​កណ្ដាល​អាធ្រាត្រ​ប៉ុណ្ណោះ​!នាង​ត្រូវ​វិល​មក​វិញ​អោយ​បាន​មុន​ម៉ោង១២អាធ្រាត​ពុំនោះ​ទេ​ អ្វីៗ​នឹង​ក្លាយ​ជា​រូបរាង​ដើម​មិនខាន​!»

​ត្រូវ​ឈាន​ទៅ​ដល់​ផ្ទះ​នោះ​! »
«ចាស៎!»
រទេះ​កណ្ដុរ​ផាយ​ដូច​ហោះ​ឆ្ពោះ​ទៅ​រក​គោលដៅ។មិន​យូរ​ប៉ុន្មាន​​ស្រី​តូច​សែន​ដឺរ៉េឡា​​​បាន​មក​ដល់​ព្រះបរមរាជវាំង ​ហើយ​ដោយសារ​តែ​គេ​ឃើញ​​នាង​មាន​ជំនិះ​ព្រមទាំង​សំលៀក​បំពាក់​ស្អាត ប្រណិត ​អ្នកយាម​បាន​បើក​អោយ​ចូល​ភ្លាម​ទោះបី​នាង​បាន​ហួស ម៉ោង​អនុញ្ញាត​ត្តិ​អោយ​ចូល​ក៏​ដោយ​។

នៅ ពេល​ដែល​សែន​ដឺរ៉េឡា​​ បាន​ចូល​ដល់​សាលធំ​នៃ​ព្រះបរមរាជវាំង​, អ្នក​រាល់​គ្នា​ហាក់​ត្រូវ​ភាំង​ស្មារតី​ដោយ​ភាព​ស្រស់​ស្អាត​របស់​នាង​។គ្រប់គ្នា​ងាក​មក​មើល​នាង​ទោះ​គេ​មិនស្គាល់​ថា​នាង​ជា​កូន​មហា​មន្ត្រី​រឺ​អ្នក​ជំនួញ​ណា​ក៏ដោយ​។

សូម្បីតែ​ម្ដាយចុង​និង​បងស្រី​កំណាច​របស់​នាង​ ក៏​ពិត​ជា​មិន​អាច​ចំណាំ​នាង​បាន​ដែរ។ពួកគេ​ស្ទើរ​តែ​រន្ធត់ចិត្ត​ចំពោះ​រ៉ូប​នឹង​ស្បែក​ជើង​គ្រីស្តាល់​របស់​នាង។

តើ អោយ​ពួក​គេ​គិត​ថា​អ្នក​ដែល​ស្ថិត​​នៅ​ក្នុង​​សម្លៀ​ក​បំពាក់​ស្អាត​ និង​ស្បែក​ជើង​មហា​ស្អាត នេះ​​ជា​នាង​ម៉េច​នឹង​កើត​ទៅ?​

 ព្រះរាជបុត្រ​ដ៏​ស្រស់​សង្ហា​ក៏​បាន​ឃើញ​នាង ហើយ​​​បាន​ធ្លាក់​នៅ​ក្នុង​សេចក្ដី​ស្រឡាញ់​ចំពោះ​នាង​ដែល​ជា​ស្នេហា​បរិសុទ្ធ​ដំបូង​ក្នុង​ជីវិត។

​ទ្រង់​បាន​ញែក​កាត់​ហ្វូង​ស្ត្រី ក្មេង​អភិជន​ទាំងអស់​ រាជវង្សានុវង្ស ហើយ​បោះដៃ​ទៅ​រក​នាង​៖

​ «​ព្រះនាង​​ចង់​រាំ​ទេ​? “

«ខ្ញុំម្ចាស់​ពុំ​មែន​ជា​រាជវង្សានុវង្ស​ឡើយ​ក្រាប​ទូល​!»

«តែ​នាង​ពិតជា​អស្ចារ្យ​ជាង​ពួកគេ​ទៅទៀត!នាង​អោយ​កិត្តិយស​ឡើង រាំ​នឹង​យើង​បាន​ទេ?!»

ហើយ​សែន​ដឺរ៉េឡា​ដែល​សែន​ពេញចិត្ត​ចំពោះ​ចិត្តស្រឡាញ់​បាន​ឆ្លើយ​តប​តិចៗ​ថា៖

«ចាស៎!»

​ព្រះអង្គម្ចាស់​រាំ​ជាមួយ​នាង​ពេញ​មួយ​​យប់​ដោយ​លែង​ខ្វល់ពី​នរណា​ទាំងអស់។

គ្រប់​កាយវិការ​ស្នាមញញឹម​និង​អ្វីៗ​គ្រប់យ៉ាង​របស់​នាង​បាន​ខាប​យក​បេះដូង​ទ្រង់​។

«យើង​ដូចជា​ធ្លាប់​បាន​ស្គាល់​នាង​យូរ​មក​ហើយ!»

«ខ្ញុំ​ម្ចាស់​មិនដែល​បាន​មក​កាន់​ទីនេះ​ឡើយ​ព្រះអង្គ!»

«តែ​យើង​ប្រហែល​ជា​ជួប នាង​ក្នុង​សុបិន​ដ៏​ល្អ​ណា​មួយ!»

«ខ្ញុំ​ម្ចាស់​រីករាយ​ដែល​អ្វីៗ​នៅ​ពេលនេះ​ពុំ​មែន​ជា​សុបិន​!»

«យើង​ចង់​អោយ​អ្វីៗ​ក្លាយ​ជា​ការ​ពិត​ហើយ​ស្ថិតស្ថេរ​ជារៀងដរាប!»

លឺ​ត្រង់​ណេះ​នាង​ក៏​​នឹក​ដល់​សម្ដី​ផ្ដាំ​របស់​ម៉ែ​ទេពអប្សរ​ដែល​មុន​នេះ​នាង​​ត្រេកត្រអាល​នឹង​ស្នេហា​នាង​ស្ទើរ​តែ​ ភ្លេច​ពី​អ្វី​ដែល​ម្ដាយ​ទេពអប្សរ​បាន​និយាយ​អោយ​​ប្រញាប់​ទៅ​ផ្ទះ​វិញ​។

“អូ​! ខ្ញុំ​ត្រូវ​ទៅ​ហើយ​ក្រាបទូល​! “

នាង​បាន​ចាក​ចេញ​ពី​រង្វង់​ដៃ​ដ៏​កក់​ក្តៅ​នោះ ​ហើយ​រត់​ចេញ​ពី​ព្រះ​បរម​រាជ​វាំង​ដោយ​មាន​រាជ​បុត្រា​រត់​តាម​ព្រោះ​មិន អស់​ព្រះទ័យ​​។។

«អឺ​ឈប់​សិន!​ៗ»

ទ្រង់​កាន់​តែ​តាម​កៀក​នាង​ នាង​កាន់​តែ​រត់​លឿន​​ទាំង​សោកស្ដាយ​ឥត​បី​នឹង​ថ្លែង។

​ស្បែកជើង​គ្រីស្តាល់ ​របស់​នាង​បាន​មក​របូត​ទុក​ម្ខាង​ដែល​​នាង​គ្មាន​ពេល​សូម្បី​តែ​សម្រាប់​រើស​វា​ទុក​។

នាង​បាន​មក​ដល់​ផ្ទះ​វិញ​ល្មម​ចំ​ទ្រនិច​​នាឡិកា​វាយ​ដប់​ពីរ​អន្លូង​។

រទេះ​បាន​ក្លាយទៅជា​​ល្ពៅ​វិញ​ហើយ​សេះ​ក៏​វិល​ទៅ​កាន់​ភាព​ជា​​សត្វ​ជណ្ដើរ​​​ដូចដើម​។

នាង​ស្លៀក​សំលៀក​បំពាក់​អ្នកបម្រើ​តែ​ចិត្ត​សែន រំភើប​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម​។នាង​ដើរ​ឡើង​មក​បន្ទប់​កម្សត់​ទាំង​ចិត្ត នឹក​រវើរវាយ​ទៅ​កាន់​ព្រះអង្គ​ម្ចាស់​ជានិច្ច​។

ស្នាមញញឹម​និង​សម្តី​សម្តៅ​ទ្រង់​នៅ​ដិត​ដាម​ជាប់​ក្នុង​បេះដូង​ស្រី​តូច​។ ម្ដាយ​ចុង​និង​បង​កំណាច​របស់​នាង ​បាន​ឈាន​មក​ដល់​ផ្ទះ​ហើយ​ជជែក​មិន​ដាច់​ ពី​ស្ត្រី​ដ៏​ស្រស់​ស្អាត​ដែល​បាន​ឱកាស​រាំ​ជា​មួយ​រាជបុត្រ​។

សែន​ដឺរ៉េឡា​សំងំ​ក្នុង​បន្ទប់​ហើយ​ពួកគេ​ស្មាន​ថា​នាង​កំពុង​ដេក​យំ​នៅ​ឡើយ​។

ទីបំផុត​​ព្រះអង្គម្ចាស់ ​ដែល​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​សែន​ដឺរ៉េឡា​​មិន​អាច​បំភ្លេច​នាង​បាន​ឡើយ​។​ទ្រង់​ចង​ស្វះ​​ស្វែង​រក​ក្មេង​ស្រី​ដ៏​ស្រស់​ស្អាត​នេះ​ថា​​ជា​នរណា​ប៉ុន្តែ​ទ្រង់​មិន​ស្គាល់​សូម្បី​តែ​​ឈ្មោះ​របស់​នាង​។

ទ្រង់​ផ្ទំ​សម្លឹង​គយគន់​​ស្បែកជើង​កញ្ចក់​ដែល​​នាង​បាន​ធ្វើ​ជ្រុះ​ពេល​​រត់​មក​ផ្ទ​​ះ​វិញ​។ព្រះរាជ​បារម្ភ​ជា​ខ្លាំង​ពេល​ព្រះរាជ​បុត្រ​នឹក​នាង​មិនព្រម​សោយក្រយា ។

ព្រះ​រាជា​ដាក់​បញ្ជា ថា​៖

​ «​រាជវាំង​ត្រូវ​តែ​ចេញ​ប្រកាស​​ស្វែង​រក​នាង​! ស្ត្រី ​ដែល​មាន​ជើង​សម​នឹង​ស្បែកជើង​នេះ​ នឹង​​បាន​រៀបអភិសេក​​ជាមួយ​ព្រះរាជបុត្រ​!»

មន្ត្រី​តាម​ស្រុក​ភូមិ ​របស់​ព្រះអង្គ​បាន​យក​ស្បែកជើង​កញ្ចក់​​ទៅ​កាន់​ផ្ទះ​ណា​ដែល​មាន​កូន​ក្រមុំ​​​នៅ​ក្នុង​នគរ​។

ពួក​គេ​ចង់​ស្វែង​រក​ស្ត្រី​ដែល​មាន​ជើង​នឹង​សម​នៅ​ក្នុង​ស្បែកជើង​នេះ​។

ស្ត្រី​ទាំងអស់​ក្នុង​នគរ​បាន​ព្យាយាម​លោ​ស្បែកជើង​នោះ​ ​ប៉ុន្តែ​មិន​មាន​អ្នកណា​ម្នាក់​លោ​​សម​សោះ​។

មន្ត្រី​បាន​មក​ដល់ ផ្ទះ សែន​ដឺរ៉េឡា​​។

បងស្រី​នាង​ទំាង​ពីរ បាន​ម្ដាយ​នាំ​ចេញ​មក​អោយ​លោ​។ មន្ត្រី​​ព្យាយាម​ដាក់​ស្បែកជើង​កញ្ចក់​ហើយ​ ពួក ​គេ​ទាំង​បី​ខំ​ច្របាច់​ជើង​របស់​ខ្លួន​​ជំរុញ​ជើង​អោយ​​ចូល​ទៅ​ក្នុង​ស្បែកជើង​នោះ​យ៉ាង​បង្ខំ​ធ្វើ​អោយ​មន្ត្រី​ភ័យ​ជា​ខ្លាំង​​ថា​អាច​នឹង​ធ្វើ អោយ​ស្បែកជើង​នេះ​បែក។

ពេល​ពួកគេ​បរាជ័យ មន្ត្រី​សួរ​រក​សែន​ដឺរ៉េឡា​​។

 ម្ដាយចុង ឆ្លើយ​ដោយ​ខឹង​សម្បារ​ថា ​នឹង​មិន​អនុញ្ញាត​ឱ្យ​នាង​លោ​ស្បែកជើង​​នោះ​ទេ​ប៉ុន្តែ​ មន្ត្រី​បាន​​ព្យាយាម​រុករក​​ទាល់តែ​ឃើញ​នាង​នៅ​សួនច្បារ​កំពុង​ពុះ អុស​។

​”ស្រី​តូច ព្រះរាជា ចង់​​ឱ្យ​របស់​នាង​លោ​​ស្បែកជើង​នេះ​!​”

ស្បែកជើង​នេះ​ដាក់​ទៅ​ត្រូវ​នឹង​ជើង​នាង​​​សម​ឥត​ខ្ចោះ​តែ​ម្ដង​​។

សែន​ដឺរ៉េឡា​​មាន​សេចក្ដីត្រេកអរ​ជា​ខ្លាំង​ លោកមន្ត្រី​ក៏​​ទទួល​វា​មក​ទុក​ក្នង​ដៃ​​វិញ​ហើយ​និយាយ​៖

«ចូរ​នាង​ទៅ​រៀប​អភិសេក!»

គាត់​បែរ​មក​វិញ​ត្រូវ​ម្ដាយ​កំណាច​របស់​នាង​វាយ​ទម្លាក់​បែក​ស្បែក​ជើង​នោះ​ខ្ចាយ។

ឃើញ​មន្ត្រី​នោះ​តក់ស្លុត​ញ័រ​ខ្លួន ស្ត្រី​កំណាច់​និយាយ​​ទៀត​ថា៖

«ឥឡូវនេះ​គ្មាន​ស្បែក​ជើង​ទៀត​ទេ ​តើ​វា​នេះ​អាច​ក្លាយ​ជា​ព្រះ​នាង​ដែរ​រឺ​យ៉ាងណា?ចំណែក​លោក​នឹង​ត្រូវ​គេ​កាត់​ក្បាល​មិនខាន។!»

មន្ត្រីកិត្តិយស​ប៉ុន្តែ​សែន​ដឺរ៉េឡា​​បាន​ប្រាប់​គាត់​វិញ​ភ្លាម​ដោយ​សំឡេង​យ៉ាង​ស្រទន់​៖

«ខ្ញុំ​នៅ​មាន​វា​មួយ​ចំហៀង​ទៀត!»

ពួក​គេ​បើកភ្នែក​ធំៗ។

នាង​ក៏​ងាក​មក​ញញឹម​ដាក់​ម្ដាយ​ចុង​នោះ​ហើយ​ពោល​​ថា​៖

«ខ្ញុំ​ជា​ស្រ្តី​ដ៏​ស្អាត​កាល​ពី​យប់​នោះ! !អំពើ​អាក្រក់​របស់​អ្នក​នឹង​ធ្វើ​អោយ​អ្នក​ក្លាយ​ជា​ជ្រូក​ខ្មៅ​ចំនួន​បី​ក្បាល!»

​នាង​បាន​តោង​ដៃ​លោក​មន្ត្រី​ឡើង​លើ​រទេះ​ហើយ​ហុច​ស្បែក​ជើង​មួយ​ចំហៀង​ក្នុងអាវរងា​ក្រាស​របស់​នាង​ទៅ​អោយ​គាត់។

គាត់​ត្រេកអរ​ដែល​រួចជីវិត​ហើយ​ថែ​ទំា​វា​ដោយ​ប្រយ័ត្នប្រយែង​បំផុត​។

សែន​ដឺរ៉េឡា​​បាន​រៀបការ​ជាមួយ​ព្រះ​រាជបុត្រ​ហើយ​នាង​ត្រូវ​បាន​ប្រទាន​ងារ​ទៅជា​ព្រះនាង​។​ពួក​គេ​រស់នៅ​យ៉ាង​សប្បាយ​រីករាយ​ប្រកប​ដោយ​សេចក្ដីស្នេហា​បរិសុទ្ធ។

​រាត្រី​មួយ​នាងបានប្រាប់​សា្វមី​ពីរឿងបាត់ខ្លួន​ឳពុក​។​ស្វាមី​បាន​ចេញបញ្ជា​អោយ​នាហ្មឺន​ចេញ​សំពៅ​តាម​រក​គាត់​​។

៣ខែ​ក្រោយ​មក​ពួក​គេបានវិល​វិញជា​មួយឳពុក នាង​ដែល​តែលតោល​តស៊ូរស់នៅ​លើ​កោះ។យប់នោះ​គាត់មក​ចំពេល​ព្រះរាជា​អភិសេក​ព្រះរាជបុត្រនិងសែន​ដឺរ៉េឡាអោយ​ឡើងគ្រង​រាជ។​

ឳពុកនិងកូនបាន​ជួបជុំគ្នា​ដោយ​រីករាយ។

 ថ្ងៃមួយឳពុក​នឹក​ដល់ផ្ទះ​ចាស់ក៏ត្រឡប់​ទៅលេងទីនោះ​​។

គាត់មិនឃើញ​ស្តី្រកំណាច​ទំាងបី​ទេ​គឺ​មានតែ​ជ្រូក​សំគមបីដែល​ឈ្មុស​ដី​រក​ចំណី​។

ចប់

​​