Your cart is currently empty!
រឿង ១០០១យប់ ភាគដំបូង
មានរឿងតំណាលថា មានស្តេចមួយអង្គ ដែលត្រូវមហេសីផិតក្បត់ជាមួយទាសករស្បែកខ្មៅ ទ្រង់កើតចិត្តពិរោធពន់ពេក្ ក៏បញ្ជាសម្លាប់មហេសី និងតមកទ្រង់មិនព្រមអភិសេកនារីណាទាំងអស់។ កុលស្ត្រីណាក្តី ត្រូវតែចូលមកវាំងបម្រើស្តេចជាបន្តបន្ទាប់ និងត្រូវបានសម្លាប់ចោលនៅព្រឹកបន្ទាប់។ ការនេះនឹងជួយសម្រាលការឈឺចាប់ទ្រង់ ព្រមទាំងជួយទ្រង់ឱ្យលះចោលសេចក្តីស្នេហាចិត្តទន់ទៀត។
ដោយស្តេចនៅតែបន្តចេញបញ្ជាឱ្យលោកមន្ត្រីជំនិត នាំស្រីក្រមុំមកអោយជានិច្ចនោះ មន្ត្រីឧបរាជបានដើររកគ្រប់ច្រកល្ហក និងលែងរកក្រមុំអម្បូរខ្ពស់មកថ្វាយបាន។
ដូច្នេះហើយល្ងាចមួយ ដែលគាត់ក៏ត្រលប់ទៅផ្ទះវិញដោយសេចក្តីទុក្ខព្រួយ ខ្លាចស្តេចយកទៅប្រហារជីវិតកូនស្រីច្បងឈ្មោះ ឆ្ឆេរ៉ាហ្សាតក៏បានសង្កេតឃើញថា លោកពុកមានទុក្ខធំមុខស្លក់ខ្មៅ។
កូនស្រីច្បងនេះ ធ្លាប់បានអានសៀវភៅ កំនត់ត្រាប្រវត្តិសាស្រ្ត និងរឿងរ៉ាវនៃស្តេចមុនៗ រឿងនិទាន រឿងក្តី និងរឿងរ៉ាវផ្សេងៗដែលកន្លងទៅ អំពីបុរស អមពីភេទ និងវត្ថុនានាសឹងជំនក់គ្រប់ការសិក្សាលើលោក។
នាងបានភាពវ័យឆ្លាតលើសលុប ពីទម្លាប់អាននិងប្រមូលយកសៀវភៅប្រវត្តិសាស្ត្ររាប់ពាន់ក្បាល ចង់ដឹងឮអំពីពូជអំបូរនៃស្តេចនានាដែលបានចាកស្ថានរួចថែមចូលចិត្ត អានកំនាព្យជាច្រើន ទន្ទេញចាំរត់មាត់ សិក្សាទស្សនវិជ្ជា សិល្បៈ និង ស្នាដៃទាំងឡាយ ប្រកបគតិបណ្ឌិត វៃឆ្លាត លើសស្រី។
នៅថ្ងៃនោះ នាងបានចូលទៅនិយាយនឹងលោកឪពុកនាង៖
“ឱ បិតាដ៏មានគុណអើយ ហេតុអីក៏អ្នកនៅថ្ងៃនេះ ទៅជាស្រពោនម្ល៉េះ? គ្មានសេចក្តីលំបាកណាដែលមិនអាចរកផ្លូវដោះស្រាយចេញនោះទេ”។
ក្រោយពេលលោកមន្ត្រីបាន រ៉ាយរ៉ាប់ប្រាប់នាងពីរឿងរវាង ស្តេចពីដើមដល់ចប់នាងរិះគិត បន្តិចទើបនិយាយថា៖
“ឱលោកឪពុកអើយ តើ ការកាប់សំលាប់ស្ត្រីជាដំណោះស្រាយទេ? កូននឹងសង្គ្រោះស្រ្តីទាំងអស់អំពី មហន្តរាយលើកនេះដោយឳពុកប្រគល់ខ្ញុំទៅរៀបការជាមួយស្តេច ទៅ។ មិនត្រឹមខ្ញុំ អាចរស់រានមានជីវិតបានដោយថែមខ្ញុំអាចជួយសង្គ្រោះស្រីក្រមុំមូស្លីមច្រើនទៀត”
មន្ត្រីឮកាលណាក៏ស្រែកយំថា “ឱព្រះអាឡាអើយ! ឱកូនល្ងង់អើយ កូនមិនត្រូវយកជីវិតកូនមកល្បងនឹងគ្រោះចង្រៃបែបនេះ? ដឹងព្រឹកឡើងនឹងត្រូវអូសទៅសំលាប់ នាងនៅ ចង់អោយពុកយកកូនទៅរៀបការជាមួយស្តេចទៀត?ពុកមិនអោយកូនទៅប្រថុយប្រថាននឹងគ្រោះថ្នាក់បែបនេះដាច់ខាត!»
នាងឆេ្ឆរ៉ាហ្សាតបែរជាអះអាងខ្ជាប់ខ្ជួនវិញដែរថា ៖
“សូមលោកឪពុកជឿជាក់លើកូនស្រី! នឹងមេត្តាដល់នារីឯទៀតៗ»
លោកមន្ត្រីនិយាយកាត់ឡើងថា៖
“ហេតុអីក៏កូនចចេសខ្លាំងម្ល៉េះ? តាមពិតទៅពុកខ្លាចរឿងនេះកើតមានចំពោះកូន ដូចក្នុងរឿងគោ និងលា ”។
នាងសួរថា “យ៉ាងម៉េចទៅរឿងនោះ លោកពុក?”។
មន្ត្រីតំណាល់ថា កាលនោះមានឈ្មួញអ្នកមានម្នាក់ មានសត្វពាហនៈជាច្រើនក្បាល។ គាត់រស់នៅស្រុកស្រែចំការនិងចូលចិត្តរបរកសិកម្ម។ ទេវតាបានជួយអោយគាត់អាចយល់ដឹងអំពីភាសារបស់សត្វគ្រប់យ៉ាងបានតែហាមគាត់មិនអោយប្រាប់អាថ៌កំបាំងនេះដល់នរណាម្នាក់ឡើយ បើមិនអញ្ចឹងទេនឹងសំលាប់គាត់ចោល។ ដូច្នេះហើយគ្មាននរណាដឹងថាគាត់ចេះភាសាសត្វឡើយ។ ក្នុងក្រោលមួយរបស់គាត់ មានមេគោមួយ និងសត្វលាមួយក្បាលរស់នៅជាមួយគ្នា។ នៅថ្ងៃមួយពេលដែលឈ្មួញនោះអង្គុយលេងជាមួយអ្នកបំរើនិងកូនៗរបស់គាត់នៅក្បែរក្រោលនោះ គាត់លឺគោនិយាយទៅកាន់លាថាៈ
“ណែអាលា យើងឃើញឯងដូចជាទំនេរច្រើនណាស់ គេអោយឯងធ្វើការអីក៏តិចម្ល៉េះ? មនុស្សគេបញ្ចុកចំនីឯង គេអោយទឹកស្អាតឯងផឹក តែអញវិញ ភាវៈដ៏កំសត់ គេប្រើទាំងកណ្តាលយប់ ពេលគេដាក់ នង្គ័ល និងស្អីដែលគេហៅថានឹមនោះ នៅលើករបស់អញ។ អញនឿយហត់នឹងព្យួរដីតាំងពីព្រលឹមរហូតដល់ព្រលប់នេះណាស់។ អញត្រូវគេបង្ខំអោយធ្វើកាងារធ្ងន់ៗ ដែលហួសពីកំលាំងរបស់អញទៅទៀត។ គេមើលថែអញមិនបានដិតដល់ទៀត។ បន្ទាប់មកពេលគេនាំអញមកវិញ ខ្លួនអញឃ្លេងឃ្លោងអស់ហើយ កអញរួយស្ទើរបាក់ ជើងអញរមាស់ស្ទើរស្លាប់ ហើយភ្នែកអញជោគជាំដោយទឹកភ្នែក។ បន្ទាប់មកគេយកអញមកឃុំក្នុងខ្ទម ហើយបោះសណ្តែក និងចំបើងស្ងួតៗ លាយឡំនឹងធូលីកខ្វក់។ អញត្រូវដេកលើលាមកដ៏មានក្លិនស្អុយជារៀងរាល់យប់។ តែឯងវិញ គេអោយឯងនៅកន្លែងដ៏ស្អាត។ កាងារដ៏លំបាករបស់ឯងគឺលីសែងអីវ៉ាន់របស់លោកម្ចាស់ម្តងម្កាល ទៅទីក្រុង ហើយត្រលប់មកវិញ។ ក្រៅពីនេះឯងដេកស្រួលរហូត។ ដូច្នេះ ពេលអញធ្វើការលំបាក ជាពេលដែលឯងដេកស្រួល។ ឯងដេកយ៉ាងស្រួលតែអញវិញដេកមិនលក់។ អញឃ្លាន ពេលឯងស៊ីយ៉ាងឆ្អែត។”
ពេលគោឈប់និយាយ លាបែរមុខទៅគោរួចនិយាយថា “ឱលោកបងគោអើយ គេហៅបងថាល្ងង់ដូចគោវាសមហើយ បងដូចជាគិតងាយណាស់ បងទុកអោយគេធ្វើអីស្រេចតែនឹងចិត្ត បងមិនចេះរកដំនោះស្រាយទេ។ បងគ្មានចេះស្អីបន្តិចសោះពាក្យប្រៀនប្រដៅល្អៗ។ តើបងមិនដែលលឺពាក្យបណ្ឌិតគេនិយាយទេរឺ?
“សំរាប់អ្នកផ្សេង ការងារនិងសេចក្តីលំបាកដែលខ្ញុំរ៉ាបរងទាំងនេះ
ជាសេចក្តីរីករាយរបស់ពួកគេ តែចំពោះខ្ញុំជាសេចក្តីកង្វល់
ដូចជាអ្នកបោកខោអាវ នៅហាលថ្ងៃខ្មៅមុខ
ដើម្បីអោយសំលៀកបំពាក់អ្នកផ្សេងបានសស្អាត”
តែបងវិញ ឱលោកបងគោដ៏ល្ងង់អើយ សួរថា តើបានប្រយោជន៍អី អោយបងទ្រាំនឹងការលំបាកទាំងអស់នេះ ដើម្បីចៅហ្វាយនាយ? តើបានប្រយោជន៍អី អោយបងហូរទឹកភ្នែក ឈឺចាប់ខ្លួនឯងដើម្បីអោយអ្នកផ្សេងស្រួលខ្លួនទៅវិញ? ។ បងគោឯងត្រូវគេហៅទៅប្រើតាំងពីព្រឹកព្រហាម ហើយត្រលប់មកវិញទាល់តែពេលព្រលប់។ ពេញមួយថ្ងៃ បងរងការលំបាកសព្វបែបយ៉ាង ៖ គេចង គេវាយ គេប្រើធ្វើការធ្ងន់ គេប្រើពាក្យអសុរស។
ឥលូវស្តាប់តាមខ្ញុំ បងគោ! ពេលគេចងបងនឹងស្នូកចំនី បងយកជើងទន្ទ្រាំដី វ័ធកន្ទុយ និងស្នែងអោយខ្លាំង រួចស្រែករោទិ៍អោយលឺៗ ដើម្បីអោយគេដឹងថាបងឯងមិនព្រម។
បើបងស្តាប់តាមយោបល់ខ្ញុំ បងនឹងបានស្រួលខ្លួនជាងនេះ ហើយប្រហែលជាស្រួលខ្លួនជាងខ្ញុំទៅទៀត។
ពេលគេដឹកបងទៅស្រែ ហើយទឹមលើ ក បងដោយស្អីដែលគេហៅថានឹមនោះ បងត្រូវដេកនឹងដី ហើយកុំក្រោក បើទោះជាគេអូសអោយក្រោកក៏ដោយ។ ហើយបើបងឯងក្រោក បងឯងត្រូវដេកនឹងដីវិញម្តងទៀត។ ហើយពេលគេយកបងឯងមកផ្ទះវិញ ពេលគេអោយចំនីបង បងឯងត្រូវធ្វើហិតៗបានហើយ កុំស៊ី។ ហើយដោយធ្វើពុតត្បុតជាឈឺបែបនេះ មិនដល់មួយថ្ងៃ រឺពីរថ្ងៃ រឺយ៉ាងច្រើនបីថ្ងៃ បងឯងនឹងបានសំរាកពីការលំបាកហើយ។ ពេលគោលឺលានិយាយបែបនេះ វាទទួលស្គាល់ថា លាជាមិត្តរបស់វា ហើយនិយាយអរគុណលា ហើយនិយាយថា “ឱបងលា ខ្ញុំនឹងធ្វើតាមពាក្យទូន្មានរបស់បងទាំងអស់”។
ចំនែកឯនាយឈ្មួញវិញ ស្តាប់បានសំដីរបស់ពួកគេសព្វគ្រប់។
នៅថ្ងៃបន្ទាប់ នាយបម្រើរបស់ឈ្មួញនោះដឹកគោនោះចេញទៅ ហើយចាប់ផ្តើមទឹមនង្គ័លលើ ក គោ ដើម្បីភ្ជួររាស់ដូចសព្វដង។ តែពេលនោះគោចាប់ផ្តើមចចេសមិនព្រមធ្វើការទៅតាមសម្តីរបស់លា ដូច្នេះហើយអ្នកភ្ជួរក៏កើតសេចក្តីហ្មួរម៉ៅ ក៏វាយគោនោះរហូតដល់ដាច់កន្លុះ រួចគោក៏រត់បោលចេញទៅ។ តែបុរសនោះក៏ចាប់គោជាប់ ហើយក៏វាយគោរហូតដល់គោខ្លបខ្លាច។ តែគោនៅតែឈរស្ងៀម រួចក្រាបដេកនឹងដីរហូតដល់ល្ងាច។ បន្ទាប់មក គេក៏ដឹកគោមកផ្ទះវិញ ហើយចងវាទុកនៅក្រោល តែពេលនោះគោថយចេញពីស្នូកចំនី ហើយមិនសម្តែងសេចក្តីរីករាយដូចសព្វដងទៀតទេ ធ្វើអោយបុរសនោះមានសេចក្តីងឿងឆ្ងល់យ៉ាងខ្លាំង។ គាត់យកសណ្តែកនិងចំបើងអោយគោ តែគោគ្រាន់តែហិតៗ រួចថយចេញ ហើយដេកយ៉ាងឆ្ងាយបំផុតពីចំនីនោះ អស់ពេញមួយយប់។ អ្នកបម្រើមកដល់ពេលព្រឹកឡើង ក៏ឃើញស្នូកនោះមានសណ្តែកនិងចំបើងនៅពេញដដែល ហើយឃើញគោដេកស្ប៉ាប។ គាត់ក៏មានក្តីព្រួយបារម្ភខ្លាចគោនោះឈឺ។
គាត់និយាយម្នាក់ឯងថា “ឱព្រះអើយ មកពីវាឈឺហើយមើលទៅ បានជាវាមិនព្រមភ្ជួរដីកាលពីម្សិលមិញ”។
គាត់ក៏ទៅរាយការណ៍ដល់នាយឈ្មួញ ថា “លោកម្ចាស់ គោនោះឈឺហើយ។ វាមិនព្រមស៊ីទេយប់មិញ ហើយជាងនេះទៅទៀត ព្រឹកមិញនេះក៏វាមិនស៊ីដែរសូម្បីតែបន្តិច”។
នាយឈ្មួញនោះដោយយល់អស់ហេតុការណ៍ព្រោះបានស្តាប់សន្ទនារវាងគោនិងលា ក៏ប្រាប់ទៅនាយបម្រើថា “ចូរឯងយកអាលាពាលនោះទៅទឹមភ្ជួរដីជំនួសគោទៅ!”។
ដូច្នេះអ្នកបម្រើក៏យកលាទៅភ្ចួរដីពេញមួយថ្ងៃជំនួសគោ។ អ្នកបម្រើបានវាយលារហូតដល់ស្បែករបស់វា និងឆ្អឹងជំនី ពោរពេញដោយក្តីឈឺចាប់ ហើយករបស់លា ឡើងកន្ទួលរលាកដោយសារនឹម។ ពេលត្រលប់មកដល់ផ្ទះវិញនៅពេលល្ងាច លាស្ទើរតែមិនអាចលើកជើងរួច ទាំងជើងមុខ និង ជើងក្រោយ។ ចំនែកឯគោវិញ វាដេកស្រួលពេញមួយថ្ងៃ ហើយវាបានស៊ីចំនីរបស់វាយ៉ាងឆ្ងាញ់ ហើយនឹកស្ងើចដល់ពាក្យទូន្មានរបស់លាយ៉ាងខ្លាំង ដោយមិនដឹងថាលាយ៉ាងម៉េចហើយផង។
នៅពេលយប់ និងពេលលាត្រលប់មកក្រោលវិញ គោក្រោកឡើងគោរពលា ហើយនិយាយថា “ ឱមិត្តជាស្រលាញ់និងគោរពអើយ ដោយសារឯង ខ្ញុំបានសំរាកពេញមួយថ្ងៃ ហើយខ្ញុំបានស៊ីយ៉ាងឆ្ងាញ់”។
ប៉ុន្តែសត្វលាមិនមានតបអ្វីមួយម៉ាត់ ព្រោះតែកំហឹងកំហល់ និងសេចក្តីនឿយហត់ ហើយស្នាមរំពាត់ដែលវារងនៅថ្ងៃនេះផង។ លាស្តាយក្រោយយ៉ាងខ្លាំង ហើយគិតតែម្នាក់ឯងថា “នេះគឺកើតមកតែអំពីភាពល្ងង់ខ្លៅរបស់អញដោយសារតែចេះប្រដៅគេ។ ដូចគេចំនាំតែនិយាយថា សុខៗយកទុក្ខមកដាក់ខ្លួន។ដូច្នេះអញត្រូវតែគិតរកល្បិចអោយអាគោនេះត្រលប់ទៅកន្លែងដើមវាវិញ បើមិនអញ្ចឹងទេអញនឹងងាប់”។
លាក៏ដើរទីកន្លែងរបស់វា ដោយនៅពេលនោះគោនិយាយអរគុណលា ដោយអោយពរលាផង។
លោកមន្ត្រីនិយាយថា “ដូច្នេះហើយ កូនស្រីអើយ កូនឯងនឹងស្លាប់ដោយសារអន់ប្រាជ្ញា។ ដូច្នេះកូនឯងអង្គុយអោយស្ងៀម កុំនិយាយអ្វីទាំងអស់ ហើយកុំយកជីវិតកូនទៅលលេងនឹងកិច្ចអំពល់អស់នេះ។ តាមពិតទៅគឺពុកប្រដៅកូនអោយល្អទេ ”។
នាងឆេហរ៉ាសាតក៏តបថា “សូមលោកឪពុកមេត្តាផង កូនត្រូវតែទៅរៀបការជាមួយព្រះរាជា”។
លោកមន្រ្តីនិយាយកាត់ “កុំអីកូន”។
នាងតបថា “កូនត្រូវតែទៅ”។
លោកមន្ត្រីតថា “បើកូននៅតែមិនស្តាប់ពុក ហើយនៅតែចចេស ពុកនឹងធ្វើដាក់កូន ដូចនាយឈ្មួញនោះធ្វើដាក់ប្រពន្ធគាត់អញ្ចឹង”។
“គាត់ធ្វើយ៉ាងម៉េច?” នាងសួរ។
លោកមន្ត្រីឆ្លើយថា កូនដឹងទេ បន្ទាប់ពីលានោះត្រលប់មកក្រោលវិញ នាយឈ្មួញក៏ចេញមកក្រៅជាមួយភរិយានិងកូនៗ ព្រោះថ្ងៃនោះចំពេលខែភ្លឺ ហើយព្រះចន្ទក៏ពេញវង់។
នៅពេលគាត់កំពុងអង្គុយលេងជាមួយកូនៗគាត់នោះ គាត់លឺលានោះនិយាយទៅកាន់គោថា “នែលោកបងគោ តើស្អែកបងចង់ធ្វើអ្វី?”។
គោតបថា “អ្វីទៅក្រៅពីបន្តធ្វើតាមយោបល់របស់បងលាឯងនោះ? និយាយតាមត្រង់ទៅវាជាយោបល់ហៅថាមហាប្រសើរមែន វាធ្វើអោយខ្ញុំបានសំរាកពេញមួយថ្ងៃ។ ដូច្នេះខ្ញុំនឹងធ្វើអញ្ចឹងទៀត។ ដូច្នេះពេលគេអោយចំនីខ្ញុំ ខ្ញុំនឹងមិនព្រមស៊ី ហើយប្រឹងបំប៉ោងពោះអោយធំ ធ្វើពត់ជាឈឺ”។
លាក៏គ្រវីក្បាលរួចនិយាយថា “ពេលធ្វើបែបនេះ សូមបងប្រយ័ត្នផង”។
គោសួរថា “ហេតុអីទៅ?”។
ហើយលាតបថា “ដឹងទេខ្ញុំរៀបនឹងប្រាប់បងពីគំនិតល្អបំផុតទៅហើយ តែខ្ញុំលឺពីម្ចាស់យើងនិយាយនឹងអ្នកចិញ្ចឹមសត្វថា «បើគោនេះមិនព្រមធ្វើការព្រឹកនេះទៀត យកវាទៅអោយអ្នកកាប់សាច់ទៅ គេប្រហែលជាកាប់វាយកសាច់អោយអ្នកក្រ ហើយអាចយកស្បែកវាទៅធ្វើអោយអ្នកធ្វើស្បែកជើង។» លឺរឿងនេះ ខ្ញុំភ័យជួសឯង។ ដូច្នេះតាមខ្ញុំទៅ ពេលគេយកចំនីមកអោយបងឯង បងឯងស៊ីហើយក្រោកឡើងទៅតាមគេទៅ។ ពេលគេប្រើអោយព្យួរដី ព្រមតាមគេទៅ។ បើមិនអញ្ចឹងទេ លោកម្ចាស់ច្បាស់ជាយកបងឯងទៅកាប់សាច់ហើយ។ ហើយបងឯងនឹងបានទៅសុគតិភពហើយ”។
ពេលនោះគោភ្ញាក់ខ្លួនព្រឺត រួចស្រែកអរគុណលា ហើយនិយាយថា “ស្អែកខ្ញុំនឹងទៅធ្វើការវិញហើយ”។
ពេលនោះគោស៊ីចំនីទាំងអស់ដែលគេដាក់អោយ ហើយលិតទាំងស្នូកទៀតផង។ នាយឈ្មួញលឺរឿងរ៉ាវនេះពីដើមដល់ចប់។
នៅវេលាព្រឹកឡើង នាយឈ្មួញនឹងភរិយាដើរទៅកាន់ក្រោលគោទាំងពីរនាក់ រួចអង្គុយចុះ ហើយអ្នកបម្រើក៏មកដល់ រួចដើរទៅកាន់គោ ដែលពេលឃើញម្ចាស់វា ក៏បក់កន្ទុយរវិច លោតកញ្ឆក់កញ្ឆេងសម្តែងក្តីរីករាយ ធ្វើអោយនាយឈ្មួញអស់សំនើចយ៉ាងខ្លាំង ហើយសើចរហូតដល់ប្រពន្ធគាត់ឆ្ងល់ ហើយសួរគាត់ថា “តើបងឯងសើចស្អី?”។
នាយឈ្មួញតបថា “បងសើចនឹងរឿងកំបាំង ដែលបងបានដឹងនិងលឺ តែបងមិនអាចប្រាប់នរណាបានទេ បើមិនអញ្ចឹងនឹងស្លាប់”។
នាងជាភរិយាក៏សួរទៀតថា “បងឯងត្រូវតែប្រាប់រឿងនេះដល់អូន បើទោះជាស្លាប់ដោយសាររឿងនេះក៏ដោយ”។
តែនាយឈ្មួញតបថា “បងមិនអាចប្រាប់នរណាអោយដឹងពីសំដីរបស់សត្វទាំងឡាយបានទេ បើមិនអញ្ចឹងទេបងនឹងស្លាប់”។
នាងតបថា “ឱព្រះអើយ បងឯងកុហក! នេះគ្រាន់តែជាពាក្យដោះសារប៉ុណ្ណោះ។តាមពិតគឺបងឯងសើចចំអកអោយខ្ញុំទេ។ អញ្ចឹងមានន័យថា បងលាក់ស្អីមួយនឹងខ្ញុំហើយ។ ហើយបើបងមិនប្រាប់ការពិតទេ យើងលែងគ្នាទៅ”។
នាងក៏អង្គុយចុះរួចយំ។
នាយឈ្មួញក៏តបថា “តើហេតុអីក៏អូនយំ? បងខ្លាចព្រះយកជីវិតបង ព្រោះតែនិយាយពាក្យអស់នោះចេញមក”។
នាងតបថា “បងត្រូវតែនិយាយប្រាប់អូន ថាហេតុអីក៏បងសើច”។
គាត់តបថា “អូនដឹងទេ ពេលបងបន់ព្រះសុំអោយបងយល់ភាសាសត្វបាននោះ បងបានស្បថថា នឹងមិនប្រាប់អាថកំបាំងនេះដល់នរណាទាំងអស់ បើមិនអញ្ចឹងទេសូមអោយព្រះយកជីវិតបង”។
នាងជាភរិយាស្រែកយំ “ខ្ញុំមិនខ្វល់ទេ! ប្រាប់មកថាអាថកំបាំងនោះមក ហើយចង់ងាប់ស្មើណាក៏ងាប់ទៅ”។
ហើយនាងនៅតែយំរំអុកបង្ខំគាត់រហូតដល់នាយឈ្មួញធុញទ្រាន់ជាខ្លាំង។ ហើយជាចុងក្រោយគាត់និយាយថា “អូនទៅហៅឪពុក ម្តាយរបស់អូន កូនរបស់យើង និងអ្នកជិតខាងឯទៀតៗមក”។
នាងក៏ធ្វើតាម។ នាយឈ្មួញក៏អញ្ជើញមេភូមិ មេឃុំដើម្បីធ្វើបញ្ជីមរតក រួចប្រាប់ការសំងាត់ដល់ភរិយាគាត់ មុននឹងស្លាប់។ គាត់ស្រលាញ់ភរិយាគាត់ខ្លាំងណាស់។ នាងជាជីដូនមួយរបស់គាត់ ជាកូនស្រីរបស់ប្អូនប្រុសឪពុកគាត់ ហើយនាងក៏ជាម្តាយរបស់កូនគាត់ដែរ ហើយគាត់បានរស់នៅជាមួយនាងអស់មួយរយម្ភៃឆ្នាំហើយ។
បន្ទាប់មកក្រោយពីញាតិមិត្តមកជុំគ្នាអស់ហើយ គាត់និយាយទៅកាន់ពួកគេថា “ខ្ញុំមានរឿងគួរអោយចំលែកមួយលាក់ទុក ហើយរឿងនេះបើខ្ញុំនិយាយប្រាប់នរណាម្នាក់ ខ្ញុំនឹងស្លាប់ភ្លាម”។
ដូច្នេះហើយអ្នករាល់គ្នានិយាយទៅកាន់នារីជាភរិយាថា “ឱនាងអើយសូមនាងលះបង់គំនិតនេះចោលទៅ វាមិនបានការអីទេ ហើយព្រមជឿប្តីនាងទៅ បើមិនអញ្ចឹងទេ ប្តីនាង ហើយក៏ជាឪពុករបស់កូនៗនាងដែរ នឹងស្លាប់”។
នាងតបថា “ខ្ញុំមិនព្រមទេ គាត់ត្រូវតែប្រាប់ការពិតដល់ខ្ញុំ បើទោះជាគាត់ស្លាប់ក៏ដោយ”។
ដូច្នេះពួកគេក៏ឈប់បង្ខំនាង ហើយពួកគេក៏ចាប់ផ្តើមយំលឺសូរអឺងកងពេញទាំងផ្ទះ។ នាយឈ្មួញ ក៏ដើរចេញពីចំនោមមនុស្សទាំងអស់ ទៅស្មឹងស្មាធម្នាក់ឯងនៅជិតរោងសត្វរបស់គាត់មួយកន្លែង មុននឹងត្រលប់មកប្រាប់ការពិតរួចនឹងស្លាប់។
នៅក្នុងរោងសត្វនោះ មានមាន់គកមួយ និងមេមាន់ហាសិប។ មុននឹងនិយាយលា មិត្តភក្តិរបស់គាត់ គាត់លឺឆ្កែរបស់គាត់និយាយទៅកាន់មាន់គក ដែលកំពុងតែបក់ស្លាប ហើយស្រែករងាវលោតជាន់ពីមេមាន់មួយទៅមេមាន់មួយ ថា “នែអាមាន់គក ឯងអីក៏អន់ចរឹកម្ល៉េះ។ លោកចៅហ្វាយពិតជាស្តាយណាស់ដោយចិញ្ចឹមឯងអោយធំ។ ឯងគ្មានអៀនខ្មាស់ទេរឺ ដែលជាន់មេ នៅចំថ្ងៃបែបនេះ?” ។
មាន់គកតបថា “ហើយវាយ៉ាងម៉េច ថ្ងៃនេះកើតស្អី?”។
ឆ្កែតបថា “តើឯងមិនដឹងទេថា ម្ចាស់របស់យើងថ្ងៃនេះនឹងស្លាប់ហើយ។ ប្រពន្ធគាត់ទារអោយគាត់ប្រាប់ការពិតមួយ ដែលព្រះបានប្រាប់ដល់គាត់ ហើយពេលគាត់ប្រាប់ការពិតនោះ គាត់នឹងស្លាប់។ ពួកយើងជាឆ្កែ យើងទាំងអស់គ្នាមានទុក្ខណាស់វ៉ើយ តែឯងវិញ គិតតែពី ទទះស្លាបសប្បាយ នឹងជាន់មេ។ តើពេលហ្នឹងឯងសមនឹងត្រេកត្រអាលបែបនេះរឺ? ឯងមិនខ្មាស់ខ្លួនឯងទេរឺ?”
មាន់គកតបថា “អើលោកម្ចាស់យើងអីក៏ល្ងង់ម្ល៉េះ ចំជាប្រុសអត់បានការមែន។ បើគាត់មិនអាចទាំងដឹកនាំភរិយាតែម្នាក់បានផង ជិវិតគាត់ក៏គ្មានន័យអីនឹងរស់តទៅទៀតដែរ។ មើលមកអញនែ អញមានមេមាន់ហាសិបត្រូវមើលខុសត្រូវ អញធ្វើអោយមីមួយនេះត្រូវចិត្ត ក៏បង្កអោយមីមួយទៀតទាស់ចិត្ត អញបង្អត់មួយ បញ្ចុកមួយ ហើយក្រោមការគ្រប់គ្រងដ៏ល្អរបស់អញ ពួកគេស្ថិតនៅក្រោមបញ្ជាអញបានល្អណាស់វ៉ើយ។ លោកម្ចាស់យើង ហៅចំជាល្ងង់មែនហើយ មានប្រពន្ធតែម្នាក់ នៅតែគ្រប់គ្រងមិនបាន”។
ឆ្កែក៏សួរថា “អញ្ចឹងតើ លោកម្ចាស់គួរធ្វើម៉េចទៅរឿងនេះ?”។
មាន់គកឆ្លើយថា “គាត់គួរដើរហេរទៅ កាច់មែកឈើមក ហើយវាយខ្នងនាងប្រពន្ធរហូតដល់នាងយំ រួចស្រែកថា អូយឈប់ទៅ អូនមិនចង់ដឹងរឿងនេះទៀតទេ មួយជីវិតនេះ។ ហើយគាត់ត្រូវវាយនាងមួយឆ្វាប់ទៀតអោយខ្លាំង ហើយអោយឮ។ ហើយបើគាត់ធ្វើអញ្ចឹងបានហើយ គាត់នឹងដេកលក់ស្រួល មានគេថ្នាក់ថ្នមរហូត។ តែលោកម្ចាស់ល្ងង់ម្នាក់នេះ គ្មានចេះគិតអីវែងឆ្ងាយទេ”។
ដល់ត្រង់ណេះ លោកមន្ត្រីបានពន្យល់កូនស្រីថា៖
“បើកូននៅចចេសឱ្យកូនទៅស្លាប់ ពុកនឹងវាយកូនដូចបុរសនេះធ្វើលើប្រពន្ធគាត់អញ្ចឹង ណាឆ្ឆេរ៉ាហ្សាត!”។
នាងឆេហរ៉ាសាតសួរថា “តើបុរសនោះធ្វើយ៉ាងម៉េចដាក់ប្រពន្ធគាត់?”។
លោកមន្ត្រីតបថា ពេលនាយឈ្មួញបានស្តាប់សំដីរបស់មាន់គកនិយាយទៅកាន់ឆ្កែបែបនេះហើយ គាត់ក៏ងើបឡើងយ៉ាងប្រញាប់។
គាត់កាច់មែកឈើមួយ រួចយកទៅលាក់ទុកក្នុងបន្ទប់។ រួចហើយគាត់ស្រែកហៅនាង “អូនចូលមកនេះ បងនឹងប្រាប់ការពិតដល់អូន រួចអាលនឹងស្លាប់ទៅមិនអោយនរណាឃើញ”។
នាងក៏ចូលទៅក្នុងបន្ទប់ជាមួយគាត់ ហើយគាត់ក៏ចាក់សោរជាប់ ហើយដើរទៅជិតនាង ដោយនៅពេលនោះគេឮសូរវាយខ្នង ស្មា ចង្កេះ ដៃ ជើង រួចនិយាយថា “អូនចង់ដឹងអាថកំបាំងនោះទៀតទេ?”។
នាងតបថា “អូនលែងចង់ដឹងទៀតហើយ អូនសូមអង្វរ អូនលែងចង់ដឹងមែន”។
បន្ទាប់នាងក៏ថើបដៃ និង ជើងរបស់ប្តីនាងសុំទោស។ អំណើហក្រោយមក នាងក៏ធ្វើចរឹករឹកពារសមជាភរិយាល្អម្នាក់វិញ។ អ្នកទាំងអស់នៅក្នុងផ្ទះក៏ត្រលប់ជាមានសុភមង្គល ។
តែនាង ឆ្ឆេរ៉ាហ្សាត តបតលើឪពុក យ៉ាងម៉ឺងម៉ាត់ថា “ខ្ញុំនឹងមិនប្តូរចិត្តទេ ខ្ញុំនឹងទៅរៀបការខ្លួនខ្ញុំជាមួយស្តេច ទោះជាពុកមិនព្រម ខ្ញុំនឹងទូលព្រះអង្គថា ខ្ញុំបានសុំឪពុករបស់ខ្ញុំរៀបការជាមួយព្រះអង្គ តែគាត់មិនព្រម ដូច្នេះ ព្រះអង្គក៏ធ្វើទុក្ខពុកដដែល”។
លោកមន្ត្រីក៏ទាល់ប្រាជ្ញា ។ មុនពេលចូលវាំងគាល់ស្តេច នាងបានទៅជួបសម្ងាត់ជាមួយប្អូនស្រីឈ្មោះថា ទ្តន់យ៉ាហ្សាតហើយបញ្ជាក់ពន្យល់ថា៖
“ចូរនាងជាប្អូនចាំអោយបានច្បាស់នូវអ្វីដែលបងប្រាប់ ពេលបងទៅគាល់ស្តេចរួចរាល់ហើយ បងនឹងអោយគេមករកប្អូន។ ពេលប្អូនបានមកជួបបង ហើយដឹងថាព្រះរាជាបានខ្លួនប្រាណបងរួចរាល់ហើយ ប្អូនត្រូវនិយាយអង្វរបងឱ្យ និទានប្រាប់ប្អូននូវរឿង និទាន! សង្ឃឹមការនេះ អាចជួយជីវិតយើងនិងស្ត្រីដទៃទៀតបាន!»
នៅរាត្រីនោះ លោកមន្ត្រីក៏នាំនាងច្បង ទៅគាល់ស្តេច។ ស្តេចរីករាយពេលក្រលេកនាង ពេញដោយសម្រស់។តែនៅពេលដែលស្តេចនាំនាងឡើងលើគ្រែ ហើយចាប់ផ្តើមនឹងរួមមេត្រីចប់ នាងក៏យំយែក។ ស្តេចឆ្ងល់ក៏សួរថា “ តើនាងកើតស្អី?”។
នាងតបថា “ឱព្រះអង្គអើយ ខ្ញុំមានប្អូនស្រីម្នាក់ សូមព្រះអង្គអនុញ្ញាតអោយនាងខ្ញុំបាននៅជាមួយនាងផង នាយប់នេះ មុននឹងពេលព្រឹកពិឃាតនេះឈានមកដល់”។
ដូច្នេះស្តេចក៏ព្រមអោយគេទៅហៅនាង ឌុន្យ៉ាសាតមក។ នាងប្អូនបានមកដល់កាលណាក៏ក្រាបបង្គុំស្តេច ហើយ ទៅអង្គុយក្បែរជើងគ្រែរហូតដល់ លង់លក់។
នៅពេលពាក់កណ្តាលយប់នាង ឆ្ឆេរ៉ាហ្សាតក៏ភ្ញាក់ដឹងខ្លួនឡើងរួចអោយសញ្ញាទៅប្អូនស្រី។ ប្អូនស្រីក៏ក្រោកអង្គុយឡើងរួចនិយាយថា “បងស្រីអើយ សូមបងមេត្តានិទានប្រាប់ប្អូន នូវរឿងខ្លះស្តាយក្រែងវាបាត់ទៅតាមមរណភាពរបស់បង!»
នាងច្បងក៏ តបថា “បងនឹងនិទានតែលុះព្រះអង្គអនុញ្ញាតសិន”។
ស្តេចនិយាយថា “និយាយទៅចុះ”
ដូច្នេះហើយនាង ច្បងក៏ចាប់ផ្តើមនិទានថា ……ប្អូនគួរបានដឹងដែរពីរឿង ឈ្មួញ និង អារក្សព្រៃ